ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន៣នាក់ រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ រួមនឹងវត្ថុតាងថ្នាំញៀនជាង១ពាន់គ្រាប់ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង ចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ។ក្រោយពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចេញប្រតិបត្តិការបង្រ្កាបបានជនសង្ស័យគ្រឿងញៀនទាំង៣នាក់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក វ៉ាង ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា កម្លាំងអាវុធហត្ថបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៣នាក់ ក្រោយពីកម្លាំងអាវុធហត្ថបានបើកការស្រាវជ្រាវស៊ើបអង្កេតតាមដាននូវសកម្មភាពជនសង្ស័យ ដែលប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា ពួកគេជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្តខាងលើរួចហើយមកនោះ ។ ជនសង្ស័យមានឈ្មោះ ១,ចាន់ ឌីណាហៅឌៀវ ភេទប្រុសអាយុ២៩ឆ្នាំគ្មានមុខរបរពិតប្រាកដ រស់នៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២,ដួង ដានី ភេទស្រី អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកំពង់អំពិល សង្កាត់វត្តតាមឹម ក្រុងបាត់ដំបង ៣,ឱក ពិសី ភេទស្រី អាយុ១៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិតាគាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជាមួយនឹងការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនWY ១៤១០គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក១កញ្ចប់ទម្ងន់០.៤៨ក្រាម ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ១គរឿងផងដែរ ។
សូមបញ្ជាក់ថា នៅខេត្តបាត់ដំបងពាក់ព័ន្ធនឹងគ្រឿងញៀននោះផងដែរ កាលពីចុងខែមីនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នគរបាលខេត្តបាត់ដំបងសហការ និងកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចេញបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំបានមួយ១ករណីផងនោះទៀតស្ថិតនៅស្រុកកំរៀងនិងថែមធ្វើការដកហូតបានថ្នាំញៀនទាំង២ប្រភេទមេតំហ្វេតាមីនទឹកកកនិងមេតំហ្វេតាមីនWY ជាង២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងចំណោមជនសង្ស័យទាំង៥នាក់ផងដែរមានជនសង្ស័យម្នាក់ជានាយទាហានបំរើការងារក្នុងអង្គភាពការពារព្រំដែនលេខ៥០៤ ផងដែរ ៕ សំ វិច្ឆិកា