ភ្នំពេញ៖ អគ្គីភ័យបានឆាប់ឆេះផ្ទះលក់គ្រឿងក្លែមយីយោ Meet eat(ម៊ីតអ៊ីត) ដោយផ្សែងបានហុយសន្ធប់យ៉ាងខ្លាំងចេញពីបន្ទប់ បានធ្វើឲ្យក្រុមពន្លត់អគ្គីភ័យមានការពិបាកយ៉ាងខ្លាំងក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង ព្រោះម្នាក់ត្រូវពាក់អុកស៊ីហ្សែនការពារការឆ្លក់ផ្សែងដើម្បីចូលទៅខាងក្នុងបាញ់ទឹកពន្លត់ភ្លើង ដោយអូសបន្លាយអស់ជាង២ម៉ោងទើបគ្រប់គ្រងបាន ។
ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចហាងលក់គ្រឿងក្លែមយីហោ (Meet eat)(ម៊ីតអ៊ីត)នៅផ្ទះលេខ១៥០Eo ផ្លូវលេខ៦៣ ភូមិ០៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលមានម្ចាស់ហាង ឈ្មោះ វុធ ថុង ភេទប្រុស អាយុ៣០ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញផ្សែងបានហុយចេញយ៉ាងសន្ធប់ពីហាងលក់គ្រឿងក្លែមយីហោ(Meet eat)(ម៊ីតអ៊ីត)មួយកន្លែងនោះធ្វើឲ្យបុគ្គលិក និងម្ចាស់ហាងបានរត់ប្រសាចស្រែកឆោឡោឲ្យគេជួយ ខណះនោះអ្នកជិតខាងខ្លះ បាននាំគ្នាជួយអន្តរគមន៍ដោយ អ្នកខ្លះតទុយោបាញ់ទឹក និងអ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ តែមិនអាចគ្រប់គ្រងបាន ក៏អាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងជាមួយ និងកម្លាំងនគរបាលការិយាល័យរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្តរគមន៍បាញ់ពន្លត់ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលក្រុមពន្លត់អគ្គីភ័យមកដល់នាំគ្នាជួយអន្តរគមន៍នោះ គឺមានការពិបាកក្នុងការបាញ់ពន្លត់ដោយសារតែមានផ្សែងខ្លាំងពេក ទើបធ្វើឲ្យក្រុមពន្លត់អគ្គីភ័យនាំគ្នាពាក់អុកស៊ីហ្សែន ដើម្បីការពារការឈ្លក់ផ្សែងចូលបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ជាស្ថានពរ ដោយប្រើពេលអស់រយៈពេល២ម៉ោងទើបរលត់ទៅវិញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលត្រូវភ្លើងឆេះនោះ មានទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ ។ មូលហេតុនៃការឆេះនោះ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនីនៅបន្ទប់ជាន់ទី១។ ចំណែកឯសំភារះខូចខាតមាន អីវ៉ាន់លក់ដូរខូចខាតទាំងស្រុង ប៉ុន្តែសំណាងមិនមានអ្នករងរបួសនោះទេ ដោយប្រើរថយន្តពន្លត់អគ្គីភ័យមក៦គ្រឿង បាញ់អស់ទឹក៨ឡាន គិតជាគុបអស់ចំនួន១៩២គុប ហើយ អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១៩និង៣០នាទីថ្ងៃ ដដែល ៕ស តារា