នៅថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នឹងទៅកាន់ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសនេះ។ ដំណើរទស្សនកិច្ចរបស់លោកកើតឡើងចំពេលដែល អាមេរិកបានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី។
នៅថ្ងៃទី១២ខែមេសា រដ្ឋមន្ត្រី Rex Tillerson នឹងទៅដល់ទីក្រុងមូស្គូជាលើកដំបូង បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក។ សកម្មភាពខាងលើកើតឡើង ក្រោយពេលអាមេរិកវាយប្រហារស៊ីរីដែលជាសម្ពន្ធមិត្តរបស់រុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារស៊ីរី គឺជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី។
ដោយសារតែហេតុការណ៍វាយប្រហារស៊ីរី រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ក៏បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃទី១០ខែមេសាដែរ ។ ចំណេក អាមេរិកនៅតែបន្តធ្វើទស្សនកិច្ចទៅតាមគម្រោងដែលគ្រោងទុក ប៉ុន្តែ ជំនួបពិភាក្សាជាមួយលោកពូទីនត្រូវបានលុបចោល ។
នៅក្នុងបទសម្ភាសន៍មុនពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រើប្រាស់សម្តីរិះគន់យ៉ាងខ្លាំងចំពោះរុស្ស៊ីដោយទម្លាក់កំហុសទៅលើទីក្រុងមូស្គូថា អសមត្ថភាពនៅក្នុងការគ្រប់គ្រងស៊ីរី ។ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចនេះក្រុមអ្នកវិភាគបានលើកឡើងថាអាមេរិកនឹងបញ្ចុះបញ្ចូលរុស្ស៊ីឲ្យឈប់គាំទ្រប្រធានាធិបតីស៊ីរី លោកអាល់ អាសាដ។
ក្រុមអ្នកឯកទេសវិភាគនយោបាយជាច្រើនបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរាប់សិបដើមទៅលើប្រទេសស៊ីរី គឺជាសកម្មភាពដែលមានលក្ខណៈ«ដូចឈុតសម្តែង» មិនមានលក្ខណៈនយោបាយយុទ្ធសាស្ត្រទាំងនោះទេ នោះហើយដែលពិបាកក្នុងការបង្ក ឲ្យមានភាពតានតឹងក្លាយទៅជាសង្គ្រាមរវាងអាមេរិកនឹងរស្ស៊ី។
ហេតុការណ៍ខាងលើបានបង្ហាញតាមរយៈអត្ថបទមួយដែលមានឈ្មោះថា«បើទោះជាវាយប្រហារឬក៏អត់នោះលោកពូទីននៅតែបើកទ្វារ សម្រាប់លោកត្រាំ»។ ជាមួយគ្នានោះ សារព័ត៌មាន Russia Insider បានបញ្ជាក់ថា នៅក្នុងវប្បធម៌នយោបាយ របស់រុស្ស៊ី ពេលដែលមានប្រតិកម្មចំពោះហេតុការណ៍ណាមួយជាឯកសារគឺជាការសរុប នូវ ការប្រកាសដោយផ្ទាល់មាត់ ហើយការប្រកាសកន្លងមករបស់រុស្ស៊ីមិនមានភាពរឹងមាំ ចំពោះហេតុការណ៍ដែលបានកើតឡើងនោះឡើយ។
តាមសារព័ត៌មាន Russia Insider បានផ្សាយថា នៅក្នុងសេចក្តីប្រកាសជាអក្សររបស់រុស្ស៊ី មានខ្លឹមសារ ទន់ភ្លន់ ខុសប្លែកពីការប្រតិកម្មមុនៗចំពោះហេតុហេតុការណ៍ធំ(វាយប្រហារសុីរី) បែបនេះ ។នៅក្នុងសេចក្តីប្រកាសនោះអ្នកនាំពាក្យវិមាន ក្រិមឡាំង បានបញ្ជាក់ថា នឹងការពារ ស៊ីរីការពាររដ្ឋាភិបាលទីក្រុងដាម៉ាកាស ប្រឆាំងនឹងការឈ្លានពានពីអាមេរិក។
ដោយសារប្រតិកម្មរបស់រុស្សុីមិនមានទម្ងន់ដូចការវាយប្រហាររបស់អាមេរិកបានធ្វើឲ្យក្រុមអ្នកវិភាគ បញ្ជាក់ថា លោកពូទីន កំពុងតែបើកទ្វារស្វាគមន៍ ទំនាក់ទំនងជាមួយអាមេរិក ដើម្បីបង្កើតក្រុមរួមប្រឆាំងនឹងភេរវកម្ម ដូចអ្វីដែលលោកត្រាំបានប្រកាស៕ ម៉ែវ សាធី