ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao បន្ទាប់ពីបានផ្តួលជើងខ្លាំងអាមេរិក Jessie Vargas ដណ្តើមបានខ្សែក្រវាត់ WBO កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលសម្រេចឡើងសង្វៀនវិញពីការប្រកាសចូលនិវត្តន៍កាលពីខែមេសា ឥឡូវបានចុះកិច្ចព្រមព្រៀងផ្លូវការឡើងប្រកួតជាមួយអ្នកប្រដាល់មិនដែលចាញ់របស់អូស្ត្រាលី Jeff Horn ដែលជំនួបរបស់ជើងខ្លាំងទាំងពីរនេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះនៅកីឡដ្ឋាន Suncorp ស្ថិតក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីផ្ទាល់តែម្ដង។
ម្ចាស់ខ្សែក្រវាត់ WBO ជនជាតិហ្វុីលីពីន វ័យ៣៨ឆ្នាំ Manny Pacquiao ដោយមានប្រវតិ្តប្រកួតបាន ៦៧ដង ឈ្នះ៥៩ដង ស្មើ២ដង និងចាញ់៦ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង នឹងត្រូវេជួបជើងខ្លាំងរបស់អូស្ត្រាលី Jeff Horn មានវ័យ២៩ឆ្នាំធ្លាប់ប្រកួតបាន១៧ដងក្នុងនោះឈ្នះ១៦ និងស្មើ១ ហើយគ្រប់ការប្រកួតរបស់គេកន្លងមកធ្វើតែក្នុងទឹកដីអូស្ត្រាលីប៉ុណ្ណោះ។
ចំណែកស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Pacquiao ក៏ត្រៀមឡើងប្រកួតការពារខ្សែក្រវាត់ទម្ងន់មធ្យម WBO ជាលើកទី២ របស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះដែរ ដោយត្រូវជួបកីឡាករជនជាតិអង់គ្លេស Amir Khan នៅខែវិច្ឆិកាចុងឆ្នាំនេះ៕ ដេវីត