ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទា​ទោសក្រុម​ចោរ​ប្លន់​៦នាក់​ ម្នាក់​ៗ​ជាប់គុកជិត​១០០ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖ ក្រុម​ចោរ​ប្លន់​៦នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាពប្លន់​និង​សម្លាប់​ជនរងគ្រោះ​ជា​ច្រើន​ករណី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ជិត​១០០ឆ្នាំ​ ។​ ប៉ុន្តែ​ក្រុម​ជនជាប់ចោទ​ បដិសេធ​ថា​ ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ។

លោក​ ហេង​ កេសរោ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ឈ្មោះ​ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង អាយុ២២ឆ្នាំ ដាក់​ពន្ធនាគារ៧៣ឆ្នាំ​ ។​

ផ្តន្ទា​ទោស​ ឈ្មោះ ប៉ែន ចំណាប់ ហៅពីន អាយុ១៨ឆ្នាំ​ ឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៣ឆ្នាំ​ និង​ ឈ្មោះ អេង អារីពីន ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦៥ឆ្នាំ​ ។

ផ្តន្ទា​ទោស​ឈ្មោះ​ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអា​ម៉ី​ ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៥៦ឆ្នាំ។

ពួកគេ​ទាំង​អស់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចម្តុំស្ពានអាកាសស្ទឹងមានជ័យ,ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ដោយបានបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូម៉ាកMSX​ ។

នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដា​ឌ្រីម​សង់​សេ១២៥​ តាម​មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

ទោះបី​យ៉ាងណា​ នា​ពេល​សវនាការ​កន្លង​ទៅ​ ក្រុម​ជនជាប់ចោទ​បដិសេធ​ថា​ ពុំ​បានប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី​ និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕ ចេស្តា


ចែករំលែក៖