ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងក្រុមហ៊ុនកាពីតូលបើកពន្លះជាមួយម៉ូតូ យុវជន២នាក់របួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជន២នាក់រងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្តក្រុងក្រុមហ៊ុនកាពីតូលបើកបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង៧ និង១៣នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២១-២២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ យ៉ុង នី ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1 C-0395 និងអ្នករួមដំណើរជាមួយរងរបួសស្រាលឈ្មោះ អឿនវុន ភេទប្រុស អាយុ២១ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិត្រពាំងព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯរថយន្តក្រុងក្រុមហ៊ុនកាពីតូលនោះ ម៉ាក​គា ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង3A-2155 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកំពង់ឆ្នាំឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានប្តូរគន្លងបើកបរ ដោយសារតែគន្លងដែលកំពុងបើកនោះត្រូវបានគេបិតបណ្តោះអាសន្នដើម្បីជួសជុលផ្លូវ ខណៈដែលជនរងគ្រោះបើកឡើងគន្លងមួយទៀត ក៏ត្រូវបានរថយន្តក្រុមហ៊ុនកាពីតូល បើកច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តក្រុងក្រុមហ៊ុនកាពីតូល មិនបានឈប់នៅកន្លែងកើតហេតុនោះទេ ពោលគឺបានបន្ថែមល្បឿនបើកគេចបានប្រមាណ១០០ម៉ែត្រទើបឈប់ចុះគេចខ្លួនបាត់ស្រមោល។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹក​បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកពញាឮវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖