ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពសន្តិសុខពិភពលោកក្រោមការដឹកនាំរបស់លោកត្រាំកាន់តែយ៉ាប់យឺុន

ចែករំលែក៖

ស្ថានភាពសន្តិសុខនៅលើពិភពលោកកាន់តែតានតឹង ក្រោយពេលអាមេរិកមាន សកម្មភាព មួយចំនួនបង្កក្តីបារម្ភដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ដោយសកម្មភាពនោះអាចបង្កឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំបានគ្រប់ពេលវេលា ។ ដោយសារ ហេតុការណ៍ខាងលើនេះហើយ ទើបធ្វើឲ្យ ប្រទេសជាច្រើន បានប្រកាសអាសន្ន ត្រៀមលក្ខណៈ សម្រាប់ធ្វើសង្រ្គាម ដូច​ជារុស្ស៊ី អឺរ៉ុប កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ចិនជាដើម។

នៅពេលនេះដែរអាមេរិកបានត្រៀមលក្ខណៈ ក្នុងការធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ អាចជាសង្គ្រាមលោក និងសង្គ្រាមបរមាណូ។ ចំណុចទាំងនោះហើយ ទើបក្រសួងការពារ ជាតិ សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើការត្រួតពិនិត្យសមត្ថភាព អាវុធនុយក្លេអ៊ែរ របស់ ខ្លួន រួមជាមួយនឹងដំណើរការកំណត់តួនាទី នុយក្លេអ៊ែរ Nuclear Posture Review ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជា ឲ្យ មានការត្រួតពិនិត្យ កាលពីថ្ងៃទី២៧ ខែមករា ក្នុងពេលដ៏ខ្លីបន្ទាប់ពីចូលកាន់ តំណែងជាផ្លូវការ ក្នុងគោលដៅធ្វើឲ្យ ប្រាកដថា តើសមត្ថភាព នុយក្លេអ៊ែរ សហរដ្ឋអាមេរិក នៅតែមានប្រសិទ្ធភាព អាចធ្វើឲ្យកម្លាំងសត្រូវភ័យខ្លាចទៀតដែរឬទេ ។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ របស់ UPI បានឲ្យដឹងថា ការត្រួតពិនិត្យ ដំណើរការកំណត់លើអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិកនេះ បានចាប់ផ្តើមធ្វើជាផ្លូវ ការ បន្ទាប់ពីមានការចេញបញ្ជាមួយចំនួនពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក James Mattis។

យោងតាមក្រសួងការពារជាតិអាមេរិក ការត្រួតពិនិត្យ អាវុធនុយក្លេអ៊ែរនេះ គឺ ជាដំណើរការ កំណត់អាណត្តិតាមផ្លូវច្បាប់ ដែលមានគោលបំណង បង្កើតគោល​នយោបាយ និងយុទ្ធសាស្ត្រ នុយក្លេអ៊ែរ របស់រដ្ឋាភិបាល សម្រាប់រយៈពេល៥ ទៅ១០ឆ្នាំបន្ទាប់ ។

ក្រៅពីនេះអាមេរិកក៏បានបង្កើនសកម្មភាពការពារដល់ប្រទេសជាសម្ពន្ធមិត្តដូចជាជប៉ុននិងកូរ៉េខាងត្បូងឲ្យ រួចផុតពីការ វាយប្រហាររបស់កូរ៉េខាងជើង។ កន្លងមក អនុប្រធានាធិបតី អាមេរិក លោក Mike Pence បានធ្វើការសច្ចាថា អាមេរិក នឹងធ្វើការវាយប្រហារបកវិញ ក្នុងករណី ដែល ប្រទេសកូរ៉េខាងជើង ហ៊ានបើកការ វាយប្រហារ ទៅលើប្រទេសជប៉ុននេះបើ តាមសេចក្តី រាយការណ៍ថ្មីមួយ ដែលចុះ ផ្សាយ ដោយគេហទំព័រ UPI ។

កាសែត The Japan Times បានរាយ ការណ៍ថា ក្នុងពេលកំពុង និយាយនៅលើ នាវាផ្ទុកយន្តហោះ USS Ronald Reagan នៅមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុងជប៉ុន Yokosuka កាលពីថ្ងៃពុធ លោក Pence បានមានប្រសាសន៍ថា ការបង្កហេតុ យោធា ណាមួយរបស់ ព្យុងយ៉ាង នឹងពិតជាបានជួបជាមួយនឹងការឆ្លើយតប ប្រកប ដោយ ប្រសិទ្ធភាពពីអាមេរិកមិនខាន ។

អនុប្រធានាធិបតី អាមេរិករូបនេះ តាម​សេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ ក៏បានមាននិយាយបន្ថែមថា ប្រទេស កូរ៉េខាងជើង គឺជាការគំរាមកំហែង ដ៏គ្រោះ​ថ្នាក់ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ហើយ ការ​វាយ ប្រហារណាមួយ នឹងត្រូវធ្វើឲ្យចុះ​ចាញ់ ដោយជួបជាមួយ នឹងការប្រើអាវុធ ធម្មតា ឬក៏នុយក្លេអ៊ែរ រួមនឹងការឆ្លើយតប យ៉ាងមានប្រសិទ្ធភាព ដ៏លើសលប់របស់ អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖