ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនជាបណ្ដោះអាសន្នជនជាតិចិនម្នាក់ ស្រី្តខ្មែរម្នាក់នាំស្រីខ្មែរទៅរៀបការប្តីជនជាតិចិន

ចែករំលែក៖

ភ្នំពេញ: លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នលើជនជាប់ចោទ ជាបុរសជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធករណី នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិនខុសច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទី១ឈ្មោះ ស្រាប លីអេង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងទី២ ជាបុរសជនជាតិចិន (មិនស្គាល់ឈ្មោះ) ត្រូវបានលោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ នាំមនុស្សចេញទៅក្រៅប្រទេសដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៥ ដល់២០១៧ យោងតាមមាត្រា ១០នៃច្បាប់ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនជាប់ចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ២៦ ផ្លូវលំក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈរៀបចំគម្រោងនាំស្រី្តខ្មែរជាច្រើននាក់ទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន៕ ប្រាថ្នា


ចែករំលែក៖