ព័ត៌មានទាន់ហេតុការណ៍៖

«ដូណាល់ ត្រាំ របស់បារាំង» សុបិន្ត អាក្រក់របស់អឺរ៉ុប?

ចែករំលែក៖

នៅថ្ងៃអាទិត្យទី២៣ ខែមេសា ឆ្នាំ២០១៧ ការបោះឆ្នោតប្រធានាធិបតីបារាំងនឹងចាប់ផ្តើមឡើង ហើយពេលនេះ ការឃោសនាបោះឆ្នោត បានបញ្ចប់ទៅដោយមានរឿងអាស្រូវជាច្រើន ប៉ុន្តែ មិនបង្កឲ្យប៉ះពាល់ដល់ការបោះឆ្នោតឡើយ ។

ការបោះឆ្នោតបារាំងកើតឡើងចំពេលដែលអង់គ្លេសចាកចេញពីអឺរ៉ុប ហើយអាមេរិកមានលោកត្រាំ ជាប្រធានាធិបតី នៅពេលនេះ បេក្ខភាពប្រធានាធិបតីដែលលេចធ្លោជាងគេបំផុតនោះគឺលោកស្រី Marine Le Pen ។

លោកស្រី Marine Le Pen ត្រូវបានពលរដ្ឋ បារាំងផ្តល់រហស្សនាមថា «ដូណាល់ ត្រាំ បារាំង» ដោយសារលោកស្រីមានភាពហ្មឹងម៉ាត់ និយាយស្តីចំៗ មិនសំចៃ ។ ក្រោយការវាយប្រហារភេរវកម្ម នៅមហាវិថី Champs Elysees កណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែមេសា បានធ្វើឲ្យលោកស្រី Marine Le Pen កាន់តែមានសន្ទុះកើនឡើង អាចជួយឲ្យលោកស្រីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា ការបាញ់ប្រហារ នៅបារាំង នឹងជួយដល់លោកស្រី Marine Le Pen ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ដោយសារតែលោកស្រីមានគោលនយោបាយ តឹងតែង ពីព្រំដែន និងជនអន្តោប្រវេសន៍។ គណបក្សបដិវត្តន៍ប្រជាជន NFP របស់លោកស្រី Marine Le Pen មានគោលនយោបាយ ប្រឆាំងនឹងអឺរ៉ុប ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ក៏ជាអ្នកជំរុញឲ្យបារាំងចាកចេញពីអឺរ៉ុប (Frexit) ដូចជាប្រទេសអង់គ្លេសដែរ ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រីបានគាំទ្រឲ្យមានការបោះបង បា្រក់អឺរ៉ូ ដោយបង្វែទៅចាយប្រាក់ ហ្វ្រង់ បារាំងវិញ ។

ការដែលលោកស្រី Marine Le Pen លេចធ្លោជាងគេក្នុងចំណោមបេក្ខភាពប្រធានាធិបតីបារាំង បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិកអឺរ៉ុប ដោយខ្លាច លោកស្រីបន្តដើរតាមគន្លង របស់ អង់គ្លេស នៅពេលនោះ អឺរ៉ុបនឹងត្រូវបែកបាក់ជាមិនខានឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖