ខេត្តព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យមើលភាពមិនប្រក្រតីនៃការតែងតាំងអនុប្រធានមន្ទីរដែនដីនគរូបនីយកម្មខេត្តព្រះសីហនុម្នាក់នោះផង ពីព្រោះការតែងតាំងនេះ នាំឲ្យមានការរិះគន់ពេបជ្រាយសើចចំអកពីមន្ត្រីក្រោមឱវាទ ។ ជាពិសេសការតែងតាំងនេះ ធ្វើឲ្យមន្ត្រីនៅក្នុងមន្ទីរបាក់ទឹកចិត្ត និយាយឲ្យខ្លីគឺបាត់បង់ការគាំទ្រ ស្មើនឹងបាត់សំឡេងឆ្នោត ។
ថ្មីៗនេះ មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានតែងតាំងមន្ត្រីភូមិបាលថ្នាក់ស្រុកឲ្យឡើងមកកាន់តំណែងជាអនុប្រធានមន្ទីរដែលផ្លោះឋានៈជាច្រើន ។ អំណាចផ្តាច់មុខរបស់លោក នួន ប៉ុក ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី និងភូមិបាលខេត្តព្រះសីហនុក្នុងការតែងតាំងលោក សេង សុខណាក់ ជាអនុប្រធានមន្ទីរនាំឲ្យមានការរិះគន់ជាច្រើន ។ ប្រការនេះ លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ត្រូវពិនិត្យឲ្យបានម៉ត់ចត់ ពីព្រោះមន្ត្រីនៅក្នុងមន្ទីរនេះ មិនសប្បាយចិត្តទេ ។ មន្ត្រីនៅក្នុងមន្ទីរនេះនិយាយថា ការតែងតាំងលោក សេង សុខណាក់ ប្រៀបដូចជាការដុតកម្ទេចទឹកចិត្តខិតខំរបស់មន្ត្រីទាំងនោះជាយូរឆ្នាំមកហើយ ។
ប្រភពរាយការណ៍ថា លោក សេង សុខណាក់ គ្រាន់តែជាមន្ត្រីសាមញ្ញថ្នាក់ស្រុកម្នាក់ ត្រូវបានលោក នួន ប៉ុក លើកដំកើងតែងតាំងជាអនុប្រធានមន្ទីរ ក្នុងវ័យ៣៣ឆ្នាំ ។ មន្ត្រីនៅក្នុងមន្ទីរដែលបានខិតខំបម្រើការងារជាយូរឆ្នាំមកហើយនោះ មិនត្រូវបានលោកប្រធានមន្ទីរយកចិត្តទុកដាក់ដំឡើងឋានៈអ្វីនោះឡើយ ។ ដូច្នេះហើយ ការតែងតាំងបុគ្គលម្នាក់នេះ នាំឲ្យមានប្រតិកម្មជាច្រើនពីក្រុមមន្ត្រីនៅក្នុងមន្ទីរ ។ ក្រុមមន្ត្រីទាំងនោះរំពឹងថា លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា នឹងពិនិត្យពិច័យករណីនេះឡើងវិញ ពីព្រោះទង្វើបែបនេះ នាំឲ្យមានការបាត់បង់សំឡេងគាំទ្រច្រើនណាស់ ៕