ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឡុង​​ រី​ មិន​ចូល​បំភ្លឺ​ថ្ងៃ​នេះ​ អាច​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​

ចែករំលែក៖

ភ្នំពេញ​៖​លោក​ ឡុង​ រី​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បន្ទាយ​មានជ័យ​ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កោះ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មេសា​ នេះ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ “ផ្តល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក​ បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ “​ របស់​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ក្នុង​នាម​ជា​ជនសង្ស័យ​ នា​ព្រឹក​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ខាង​មុខ​ ។​

រហូត​មក​ទល់​ពេលនេះ​ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​លោក​ ឡុង​ រី​ ថា​ចូល​ឬ​មិន​ចូល​បំភ្លឺ​នោះ​ទេ​ តែ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា ករណីលោក ឡុង រី ចូលបំភ្លឺ ឬមិនចូលបំភ្លឺ គឺគណបក្សសង្រ្គោះជាតិផ្តល់សិទ្ធិផ្តាច់មុខឲ្យសាម៉ីខ្លួនជាអ្នកសម្រេច និងដើម្បីពិភាក្សា​ជាមួយ​មេធាវី​ ។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​គឹម​ សន្តិភាព​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ​ ថ្លែង​ថា​ តុលាការអាចកោះហៅតំណាងរាស្ត្របាន ហើយបើមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើសជាក់​ស្តែង «បទបដិសេធក្នុងការចូលខ្លួន»!។

លោក​ បន្ថែម​ថា​ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនអោយមានការកោះហៅ តំណាងរាស្ត្រពីស្ថាប័នតុលាការនោះទេ។

ជនណាក៏ដោយដែលមិនបានចូលខ្លួនតាមកាលបរិច្ឆេទកោះហៅរបស់ស្ថាប័នតុលាការក្នុងនាមជាសាក្សី នោះជាអំពើល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា!

ហេតុនេះតំណាងរាស្ត្រដែលមិនចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅរបស់ស្ថាប័នតុលាការ នោះ មានន័យថាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោក​សង្កត់​ធ្ងន់​ថា​ អភ័យឯកសិទ្ធិសភាមិនអាចការពារតំណាងរាស្ត្រពីការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ។

ជាមួយ​គ្នា​នេះ​ លោក​ស្រី​ មូរ​ សុខ​ហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​តុលាការ​កោះ​អញ្ជើញ​ក្នុង​នាម​ជា​សាក្សី​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ផង​ដែរ​ ក្នុង​សំណុំ​រឿង​ដដែល​នេះ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ នៅ​ចាំ​បាន​ថា​ លោក​ កឹម​ សុខា​ កាល​នៅ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ពី​បទល្មើស​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ នេះ​ ព្រោះ​ខកខាន​មិន​បាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​ករណី​អ្នក​នាង​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ តែ​ទោស​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ តាម​សំណើ​របស់​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ៕ ចេស្តា

 


ចែករំលែក៖