ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចំរុះ នៃគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស២នាក់ ដែលបានលាក់ទុកថ្នាំញៀន នៅក្នុងកញ្ចប់បារី ខណៈពួកគេធ្វើដំណើរមកប៉ះចំគោលដៅចល័តឆែកឆេរ អាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវលេខ១០១៩ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលពីម៉ោង២១ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានអោយដឹងថា ជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈសមត្ថកិច្ចចំរុះកំពុងប្រតិបត្តិការ ដាក់គោលដៅពង្រាយកម្លាំងកឆេរ អាវុធជាតិផ្ទុះចល័តតាមដងផ្លូវសាធារណៈដើម្បីភូមិ សង្កាត់មានសុវត្ថិភាព ហើយជនសង្ស័យទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហ្សូមឺរអិច្ស មកប៉ះចំគោលដៅឆែកឆេរ ត្រូវបានសមត្ថកិច្ចឆែករកឃើញថ្នាំញៀន ចំនួន១កញ្ចប់ ដែលគេលាក់ទុកនៅក្នុងកញ្ចប់បារី ។ ដោយសារករណីជាក់ស្តែងដូច្នេះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំង២នាក់ភ្លាមៗតែម្តង ។
ជនជាប់សង្ស័យទាំង២នាក់នោះ ឈ្មោះ ម៉ៅ ភារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មាស សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ពួកគេទាំង២នាក់ មានមុខរបរធ្វើជាងផ្សាដែក និងស្នាក់នៅក្នុងបរិវេណវត្តសំរោងអណ្តែត មានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប៉ូលិសបានឃាត់ខ្លួនពួកគេជាបណ្តោះអាសន្ន និងត្រៀមបញ្ជូនទៅកាន់តុលាការ ដោយចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់៕ តុង សីហា