ភ្នំពេញ៖ ស្រ្តីម្នាក់បានកាន់រូបថតប្អូនស្រីពៅបង្កើតរបស់ខ្លួនជាច្រើនសន្លឹក ទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដោយគាត់បានអះអាងប្រាប់នគរបាលថា ប្អូនស្រីរបស់គាត់ដែល មាននៅក្នុងរូបថតនោះ បានបាត់ខ្លួនអស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ មិនដឹងជាទៅទីណា មិនតែប៉ុណ្ណោះគាត់ក៏បាន សង្ស័យថា ប្អូនស្រីពៅគាត់ម្នាក់នោះ លង់ខ្លួនទៅតាមការអូសទាញពីអ្នកជិតខាងផងដែរ ។
ក្មេងស្រីជំទង់ដែលបានចាកចេញពីផ្ទះ បង្កឲ្យក្រុមគ្រួសារមានការព្រួយបារម្ភនោះ ឈ្មោះ ភឺន ស៊ីយ៉ា អាយុ១៦ឆ្នាំ មានឪពុកឈ្មោះ ជ្រុយ ភឺន អាយុ៦៣ឆ្នាំ និងម្ដាយឈ្មោះ តោ យ៉ា អាយុ៥៤ឆ្នាំ រីឯបងស្រីដែលកាន់រូបថតតាមរកនាងនោះឈ្មោះ ភឺន នាង អាយុ៣៨ឆ្នាំ មានទីលំនៅ នៅក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ស្រ្តីជាបងបាននិយាយថា គាត់មានបងប្អូន៣នាក់ ហើយនាងដែលបាត់ខ្លួននោះ គឺជាកូនពៅគេ ហើយនាង ទើប ឈប់រៀនរយៈពេលឆ្នាំប៉ុណ្ណោះ នាងបានបាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមេសា ដោយបាននាំទៅនូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅហើយគាត់មិនបានចាំ ស្លាកលេខម៉ូតូនោះទេ ។ ការដែលប្អូនស្រីគាត់នៅសុខៗ បែរជាចាកចេញពីផ្ទះបែបនេះ គាត់សង្ស័យថា មាន ស្រ្តីមេម៉ាយកូនមួយម្នាក់ ឈ្មោះម៉ី អាយុ ជាង២០ឆ្នាំ ដែលជាអ្នកភូមិជាមួយគ្នា អូសទាញទៅជាមួយ ។ ស្រីម៉ី នោះជាអ្នកភូមិជាមួយគ្នាមែន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ មិនដែលនៅផ្ទះទេ គឺបាន ចាកចេញពីផ្ទះមកធ្វើ ការនៅភ្នំពេញ ហើយមិនបានដឹងថា ធ្វើអ្វីនោះឡើយ ។
ដោយឡែក កាលពីមុនពេលចូលឆ្នាំខ្មែរ រយៈពេល១ខែ ស្រាប់តែលេចមុខស្រីមេម៉ាយខាងលើនោះទៅផ្ទះ ហើយបានអូសទាញប្អូនស្រីគាត់ឲ្យលួចចាកចេញពីផ្ទះ បែបនេះ មិនតែប៉ុណ្ណោះកាលពីប៉ុន្មានថ្ងៃមុន គាត់បានខលចូលប្អូនស្រីដែរ ហើយនាងបានប្រាប់ថា នាងកំពុងធ្វើការនៅក្នុងហាង 《ហេងហេង》 ដែល មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់នាងក៏បានបិទទូរស័ព្ទខលលែងចូលរហូត ដោយសារតែបែបនេះ ទើបគាត់រត់រកឲ្យនគរបាលជួយ អន្តរាគមន៍៕ សុខាសែនជ័យ