ព័ត៌មានទាន់ហេតុការណ៍៖

បុរសនារី២នាក់រងរបួសបាក់ជើងបន្ទាប់ពីបើកម៉ូតូប៉ះដៃចង្កូតគ្នាដួលបោកទៅលើផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ និងនារីស្រស់សោភាម្នាក់បានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបើក​ម៉ូតូបើកប៉ះដៃចង្កូតគ្នារេដួលបោកទៅលើផ្លូវជាតិ កាលពីវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣១-៣២ តាមបណ្តោយផ្លូវជាតិលេខ​៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដា​ឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អេង ចន្នី ប្រុស អាយុ២៤ឆ្នាំ (រងរបួសបាក់ជើង) មានទីលំនៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។ ចំណែកឯម៉ូតូមួយ​គ្រឿងទៀតម៉ាកហុងដាគូបជ្រុង ធុនសេ៥០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ 1FQ-7133។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម​ធុនសេ១២៥ បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំ​ពេញដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានព្យាយាមឡើង​ជែងក្នុងស្ថានភាពផ្លូវចង្អៀត ទើបបណ្តាលឲ្យប៉ះដៃចង្កូតជាមួយម៉ូតូគុបបើកស្របទិសគ្នា ដួល​បោកទៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូទាំង២នាក់រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូទាំង២នាក់ត្រូវបានរថយន្តសាមុយ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោសង្ឃ ក្នុងរាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូទាំង២​គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកកណ្តាលស្ទឹង ធ្វើការវាស់វែងដក​ហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕​ ស្អាងជ័យ


ចែករំលែក៖