ខេត្តកំពង់ស្ពឺ៖ ឈើចាស់ៗ ដែលនៅសេសសល់ពីការចាប់យករបស់សមត្ថកិច្ចកាលពីបង្ក្រាបអំឡុងពេលប៉ុន្មានខែមុនត្រូវបានដកហូតជាថ្មីម្តងទៀតក្រោយសំណុំរឿងនេះត្រូវបានប្តូរសមត្ថកិច្ចតុលាការពីខេត្តកំពង់ស្ពឺសាលាដំបូងរាជធានីភ្នំពេញរួចមក។
ការចុះពិនិត្យឆែកឆេលើកទី៣នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដោយគណៈកម្មការចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង លោក សឿ ឡងឌី និងមន្ត្រីតុលាការមកពីភ្នំពេញបានចុះឆែកទីតាំងផ្ទះរបស់ជឿងថេងសារជាថ្មី ស្ថិតក្នុងភូមិគោកឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបដែលចូលរួមបានអោយដឹងថា៖ ការចុះមកពិនិត្យនេះគឺធ្វើឡើងតាមនីតិវិធីច្បាប់បន្ទាប់ពីសំណុំរឿងបង្ក្រាបទីតាំងស្តុកឈើនេះត្រូវបានផ្ទេរសមត្ថកិច្ចទៅសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងការចុះពិនិត្យទីតាំងខាងលើលោកព្រះរាជអាជ្ញារង សឿ ឡងឌី ហាក់បីដូចមិនសប្បាយចិត្តជាមួយអ្នកយកព័ត៌មាន ខាងកាសែតនិងទូរទស្សន៍ទាល់តែសោះដោយបានបញ្ជាអោយសមត្ថកិច្ចដេញ ក្រុមអ្នកកាសែតទាំងនោះចេញក្រៅរបងទៀតផង។
ក្រោយពិនិត្យមិនមានរកឃើញឈើដូចកាលលើកមុនឡើយចុងក្រោយក្រុមសមត្ថកិច្ចទាំងអស់បានត្រឹមដកហូតឈើសល់ចាស់ៗដូចជាឈើម្រិញ៣សន្លឹក ឈើធ្នង់២ដើម និងឈើឈ្លីកច្រៀកសំរាប់បិទជញ្ជាំងផ្ទះមួយចំនួនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប កុំអោយគេថាឆែកឆេរកមិនឃើញ ដូច្នេះប្រមូលយកឈើទាំងនោះទៅគ្រាន់ចងក្រងជាវត្ថុតាង៕ សេនាស័ក្តិ