ភ្នំពេញ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង នឹងចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ ដូចលោកឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបន្ទាយមានជ័យ ដែរ ។
លោកមេធាវីសំ សុគង់ ថ្លែងថា លោកស្រីមូរ សុខហួរ នឹងចូលបំភ្លឺក្នុងនាមជាសាក្សី ដើម្បីបំំភ្លឺពីដំណើររឿងលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បន្លំខ្លួនចូលពន្ធនាគារ ។
លោក ឡុង រី កាលពីព្រឹកថ្ងៃទី២៧ ខែមេសា បានចូលបំភ្លឺតុលាការរួចហើយ ក្នុងនាមជាសាក្សី ។ ប៉ុន្តែក្រោយបញ្ចប់ការសាកសួរលោក ឡុង រី បានគេចវេះតាមទ្វារក្រោយ ដោយពុំផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ទេ ។
ប៉ុន្តែលោកមេធាវី សំ សុគង់ ថ្លែងថា លោកឡុង រី បានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់រួចហើយ ក្នុងការចូលខ្លួនបំភ្លឺចំពោះមុខលោកព្រះរាជអាជ្ញារង សៀង សុខ ។ លោកមេធាវី បដិសេធពុំផ្តល់ការជជែកគ្នារវាង២លោក ឡុង រី និង លោកព្រះរាជអាជ្ញារង សៀង សុខ នោះទេ ដោយអះអាងថា នេះជាការសម្ងាត់ ។
ពាក់ព័ន្ធករណីនេះ ពុំទាន់មានការឆ្លើយតបពីលោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ។
ដោយឡែកលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅចូលបំភ្លឺក្នុងនាមជាជនសង្ស័យ នាព្រឹកថ្ងៃទី២ ខែឧសភា ។
គួររំលឹកថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកថា ការបន្លំសមត្ថកិច្ច ដើម្បីចូលទៅពន្ធនាគារបែបនេះគឺជារឿង អសីលធម៌។ ជាមួយគ្នានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយ ដើម្បីបានចូលក្នុង ពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ៕ ចេស្តា