ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានរងរបួសធ្ងន់ ស្រាលដោយសារតែបុរសជនជាតិចិនម្នាក់បើករថយន្តឡិចសីុស RX330 ទាំងស្ថានភាពស្រវឹង បានបុករះម៉ូតូ និងតូបលក់បន្លែ រួមទាំងសាច់ កាលពី១០យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទី១ឈ្មោះអំ ជ្រេង ភេទស្រីអាយុ ៣៨ ឆ្នាំមុខរបរលក់ត្រី ស្នាក់នៅភូមិកើតហេតុ ទី២ឈ្មោះ វ៉ាន់ថា ស្រីមុំ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបលក់បន្លែ ស្នាក់នៅជិតកន្លែងកើតហេតុ ទី៣ឈ្មោះ អៀង ស្រីកែវ ភេទស្រី អាយុ៣០ ឆ្នាំ មុខរបលក់បន្លែ ស្នាក់នៅជិតកន្លែងើតហេតុ។ ម្នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមអាជីកបានកំពុងរើសម្ភារ ដូចជាបន្លែសាច់យកទៅផ្ទះ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចសីុស ពណ)ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL 0642 បើកបរដោយបុរសជនជាតិចិនម្នាក់ មានស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1 6401 ដែលម្ចាស់ចតទុកនៅជិតតូបលក់ដូរ ចំណែកក្រុមអាជីវករដែលកំពុងប្រមូលបន្លែសាច់បំណងយកទៅផ្ទះនោះ ត្រូវរងរបួសធ្ងន់ស្រាល ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋចាប់វាយបណ្តាលឲ្យរងរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ និងរថយន្តរួមទាំងម្ចាស់ត្រូវបានសម្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជធានីយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ