ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុង Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងការអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ព្រឹកនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧នេះ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល អគ្គលេខាធិការអាស៊ាន មន្ត្រីអាស៊ាន សមាជិកគណ:ប្រតិភូ និងភ្ញៀវកិត្តិយសជាច្រើនរូប។ លោកប្រធានាធិបតី Rodrigo Duterte ប្រធានអាស៊ានបានអានសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំកំពូល ហើយនៅក្នុងនោះក៏មានការសម្ដែងរបាំសិល្បៈ ចម្រៀង អាស៊ាន ដោយសិល្បករ សិល្បការិនីល្បីៗ ជាច្រើនមកពីបណ្ដារប្រទេសអាស៊ាន និងបន្ទាប់មកមានពិធីថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអាស៊ាន និងភរិយាផងដែរ។
បន្ទាប់ពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការរួចហើយ សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងអស់។
លទ្ឋផលនៃកិច្ចប្រជុំនឹងផ្សាយជូននៅពេលបន្តបន្ទាប់នេះ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ