ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នង ព្រមទាំងសម្ភារទាំងប៉ុន្មាននៅក្នុងផ្ទះនោះផងដែរ ត្រូវភ្លើងចង្ក្រានបាយរាលឆេះអស់ទាំងស្រុង ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ជាប់នឹងមូលដ្ឋានអធិការស្រុកស្ទោង ប៉ុន្តែគ្មានឡានទឹកទៅជួយពលរដ្ធរងគ្រោះនោះឡើយ ប្រជាពលរដ្ឋយកគោរយន្តកន្ត្រៃមកដឹកទឹកពន្លត់ភ្លើងដោយខ្លួនឯង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា មូលហេតុ ឆេះផ្ទះគឺកើតឡើងដោយសារគ្មានការប្រុងប្រយ័ត្នភ្លើងចង្ក្រាន ក្រោយពេលដាំស្លររួច មិនពន្លត់ឲ្យបានត្រឹមត្រូវ បង្កឲ្យអណ្តាតភ្លើងរាលឆេះផ្ទះ១ខ្នងទំហំ៨ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ជញ្ជាំងក្តារ ក្រាលក្តារកកោះ ឆេះអស់ទាំងស្រុង ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះខន ផន ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះ ខន សុកណាក់ អាយុ៣៩ឆ្នាំ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងមានកូនប្រុស២នាក់ និងស្រី២នាក់ក្នុងបន្ទុកគ្រួសារ ។
ជនរងគ្រោះនិយាយថា ក្រោយហេតុការណ៍កើតឡើង បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ៖ ស្រូវចំនួន២០០០គីឡូក្រាម, អង្ករ100គីឡូក្រាម, លុយខ្មែរ 1200000រៀល, ខ្សែដៃប្លាទីន១ខ្សែតំលៃ800000រៀល, ទូដាក់ខោអាវ១តំលៃ200000រៀល, តុហូបបាយ១តំលៃ800000រៀល, គ្រែដេក១តំលៃ800000រៀល, កង់១គ្រឿង និងសម្ភារនៅលើផ្ទះទាំងអស់ ៕ ប៊ុនរិទ្ធី