ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សមាគមយោធិនពិការជាង១០០នាក់ តំណាង ឲ្យប្រជាពលរដ្ន៣៥៩គ្រួសារ បាននាំគ្នាតវ៉ារឿងដីធ្លី នៅចំណុចភូមិបន្ទាយរងៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងដីដែលពួកគាត់ធ្លាប់បានកាប់កាប់២ទៅ៣ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៤ ក្រោយមកត្រូវបានអាជ្ញាធរស្រុក និងខេត្ត ព្រមទាំងមន្រ្ដីរដ្ឋបាលព្រៃឈើ ហាមឃាត់ និងដកហូតយកអស់ មិនឲ្យពួកគាត់ចូលកាន់កាប់ដីរបស់ខ្លួនទៅវិញ ។
លោក គឹម ឃាង ប្រធានសមាគមយោធិនពិការ បានឆ្លើយក្នុងកិច្ចសម្ភាសថា លោកបានសុំពីសមាគមយោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀង ពីឆ្នាំ២០០៤ រហូត២០០៥ ដោយមានការស៊ីញ៉េពីលោក កៅ ឆេង មេឃុំក្រយា ; លោក ពេជប៉ក់ អភិបាលស្រុកសន្ទុក ; លោកគឹមវ៉ាស៊ី ; ឯកឧត្តម ណាំទុំ អភិបាលខេត្តកំពង់ធំ រហូត ក្រសួងមហាផ្ទៃ និងមានព្រះហត្ថលេខាពីព្រះករុណា ព្រះមហាក្សត្រ ជួយអន្ដរាគមន៍មក អភិបាលខេត្ត ឲ្យជួយដោះស្រាយ តែការដោះស្រាយនេះពុំបានសព្វជ្រុងជ្រោយ នោះទេ ។
ចំពោះការតវ៉ានេះ ពួកគាត់ចង់បានដីសមាគមយោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀងចំនួន៨០០ (ប្រាំបីររយ)ហិចតា មកវិញតែប៉ុណ្ណោះ គ្រាន់បានក្រុមគ្រួសារយោធិនពិការរស់រាន់ មានជីវិត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចនាយករដ្នមន្រ្ដី ហ៊ុន សែន ដែលតែងមានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះមានសម្តេចជួយដោះស្រាយ ជួនដល់ប្រជាពលរដ្ន ដោយមិនទុកឲ្យពលរដ្នណាម្នាក់រងគ្រោះដោយសារអត់ឃ្លាននោះទេ ។ តែឥឡូវនេះ ក្រុមយោធិនពិការ មានទុក្ខលំបាកហើយ ដូច្នេះពួកគាត់មានតែលើកម្រាមដៃទាំងដប់អង្វរសុំឲ្យសម្ដេច មេត្តាជួយដោះស្រាយឲ្យពួកគាត់ដែលជាសមាគមជនពិការនេះ បានរស់រាន និងប្រកបមុខរបរអោយបានសមរម្យផង ។
លោក តិ ញ្ញាតា នាយខ័ណ្ឌ រដ្នបាលព្រៃឈើ ខេត្តកំពង់ធំ បានឆ្លើយតបក្នុងកិច្ចសម្ភាសន៍ថា កាលណោះ យើងបានដកដីគាត់ក្នុងឆ្នាំ២០០៩ និង២០១០ ដោយមានការដូរដោះជាថ្នូរ ហើយបានអញ្ចើញគាត់មករស់នៅក្នុងដីកា១១៣ ក្នុងឃុំថ្មសំលៀង ចំនួយន៣៥៩គ្រួសារ តែកាលណោះស្ថិតិគ្រួសារចេះតែឡើងរហូតដល់៤០០ទៅ៥០០គ្រួសារ ហើយលោកអភិបាលខេត្តបានខិតខំជួយដោះស្រាយ តែរហូតរៀងមក ប៉ុន្តែដីនៅក្នុងឃុំថ្មសំលៀងនោះ បានតែដីលំនៅឋានទេ អ្នកខ្លះអត់បានដីបង្កបង្កើនផល ទើបយកពួកគាត់ទៅដាក់នៅដីកា ៤៨ មួយទៀត នៅសូងសាង បន្ទាប់មកមានមួយក្រុមទៀតស្នើសុំលោកអភិបាលខេត្តបានចារ ឲ្យ ១០០គ្រួសារទៀតទៅនៅត្រពាំងឫស្សី តែរហូតមកដល់ពេលនេះ ហេតុអីនៅតែមានអ្នកខ្វះទៀត បើមានអ្នកខ្វះពិតប្រាកដមែននោះ សុំឲ្យដាក់សំណើសុំតាមរយៈអាជ្ញាធរភូមិ ឃុំស្រុកចុះ ។
លោក យស់ បញ្ញារិទ្ធ អភិបាលស្រុក សន្ទុក បានឆ្លើយតបក្នុងកិច្ចសម្ភាសន៍ថា លោកទើបនឹងមក កាន់ជាអភិបាលស្រុកថ្មី ពុំបានដឹងអ្វីស៊ីជម្រៅនោះទេ តែប្រសិនបើមានអ្នកខ្វះដីពិតប្រាកដមែន សុំឲ្យពួកគាត់ដាក់សំណើសុំមកអាជ្ញាធរ ដើម្បីអាជ្ញាធរពិនិត្យមើលសំណុំបែបបទទៅតាម ច្បាប់ ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ អ្នកយកព័ត៌មានបានទំនាក់ទង់តាមទូស័ព្ទ ដើម្បីចង់ដឹងពីដំណោះស្រាយពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ តែដោយសារ លោកជាប់រវល់ប្រជុំ ពុំទាន់បានបកស្រាយទេ រហូតមកដល់ពេលនេះ ៕ ប៊ុន រិទ្ធី