ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ប្រល័យសត្វក្របី៤ក្បាល ខណៈមេឃកំពុងភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់សត្វក្របីប្រមាណ៤ក្បាល របស់អ្នកភូមិត្រូវបានងាប់ភ្លាមៗ ខណៈដែលភ្លៀងធ្លាក់មួយមេ លាយឡំដោយរន្ទះបាញ់ចំបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្មេងៗឃ្វាលក្របីចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍ម្ចាស់សត្វក្របី។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅ ចំណុចភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ពិតជាមានករណីរន្ទះបាញ់បណ្ដាលឲ្យសត្វក្របីនេះងាប់ចំនួន៤ក្បាលមែន ខណៈម្ចាស់សត្វក្របីនេះមានឈ្មោះ សឿន ឌឿន ភេទប្រុស អាយុ៦៣ឆ្នាំ មាន ប្រពន្ធឈ្មោះ មុំ ស៊ីណា អាយុ​៤៥ឆ្នាំ មានទីលំនៅភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្នុងហេតុការណ៍នេះគឺមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

តាមម្ចាស់សត្វក្របីបានឲ្យដឹងថា មុនកើតហេតុ គឺមានខ្យល់បោកបក់យ៉ាងខ្លាំង និងមានភ្លៀងធ្លាក់ ព្រមទាំងមានរន្ទះផង លុះប្រមាណជា១០នាទី ស្រាប់តែលឺសូរក្ឌាំងធ្វើឲ្យគាត់ និងក្រុមគ្រួសារនាំគ្នារត់ចូលក្នុងផ្ទះ ។

ប្រមាណជាកន្លះម៉ោងក្រោយមក ស្រាប់តែមានក្មេងៗឃ្វាលគោ រត់មកប្រាប់ថា ក្របីរបស់គាត់ត្រូវរន្ទះបាញ់ងាប់បាត់អស់ហើយ ទើបគាត់ប្រញាប់ប្រញាលរត់ទៅមើលស្ទើរទន់ជង្គង់ ព្រោះឃើញក្របីងាប់ក្បែរគ្នាគួរឲ្យសង្វេគ ៕ យឹម សុថាន


ចែករំលែក៖