ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីហូបចាហួយដូងយីហោ M&S បាត់ដំបង។កុមារារងគ្រោះបានស្លាប់នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុងមន្ទីរពេទ្យឯកជនមួយ ស្ថិតនៅក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យ ដឹងថា កុមារារងគ្រោះឈ្មោះ អឿន វាសនា អាយុ២ឆ្នាំ មានឪពុកឈ្មោះ លួន សំអឿន អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ និងម្ដាយ ឈ្មោះ ណុប សាស អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចរក ឃើញថា កាលពីវេលាម៉ោងប្រមាណ២ រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ម្ដាយ កុមាររងគ្រោះបានទិញចាហួយដូងយីហោ M&S បាត់ដំបងមួយកញ្ចប់ពីអ្នកលក់ដូរ ក្នុងភូមិឲ្យកូនញ៉ាំ ហើយបណ្ដាលឲ្យកុមារារងគ្រោះមានសភាពក្អួតចង្អោរ និងអស់ កម្លាំងខ្លាំង។ ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនកូនទៅមន្ទីរពេទ្យឯកជនស្រុកមោងឫស្សី ប៉ុន្តែបើទោះជាគ្រូពេទ្យខំជួយសង្គ្រោះ យ៉ាងណានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ កុមារារងគ្រោះក៏ដាច់ខ្យល់ស្លាប់ទៅ ។
បច្ចុប្បន្នសាកសពកុមារា ត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ។
ទាក់ទងករណីនេះនគរវត្តមិនទាន់អាចសុំការបំភ្លឺពីម្ចាស់ក្រុមហ៊ុនផលិតចាហួយដូងនេះបានទេ គ្រាដែលគេដឹងថា សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរឿងនេះយ៉ាងសកម្ម។ យ៉ាងណាក៏ដោយនេះចាត់ទុកជាការផ្ដល់ដំណឹង និងអំពាវនាវឲ្យមាតាបិតាគ្រប់រូបមេត្តាប្រុង ប្រយ័ត្នចំពោះចំណីអាហាររបស់ កូនៗ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលតែងតែឲ្យកូនហូបនំចំណីដែលភាគច្រើនបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពដោយចំណីទាំងនេះមិនមានការពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញពេលនាំ ចូលពីក្រៅប្រទេស ឬក៏ផលិតនៅក្នុងស្រុក៕ សហការី