ព័ត៌មានទាន់ហេតុការណ៍៖

ជោគវាសនា​ជនជាប់ចោទ​រឿង​ក្តី​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​

ចែករំលែក៖

ភ្នំពេញ​៖ ក្រោយ​បើក​សវនាការ​ជា​ច្រើន​លើក​ ,​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ស្អែក​នេះ​ នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ។​ មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​របស់​លោក​ ថោង​ សារ៉ាត់​ និង​ ក្រុម​អង្គរក្ស​ នឹង​ត្រូវ​លោក​ចៅក្រម​ តុប​ ឈុន​ហេង​ សម្រេច​យ៉ាង​ដូចម្ដេច​ ។

សាលក្រម​នេះ​ នឹង​ត្រូវ​ប្រកាស​ក្នុង​សាល​សវនាការ​ទី​១​ ជាន់​ទី​១​ នៃ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​សវនាការ​ជា​ច្រើន​លើក​ លោក​ថោង​ សារ៉ាត់​ ពុំ​ដែល​មាន​វត្តមាន​ឡើយ​ ដោយ​លោក​មេធាវី​ គា​ អ៊ាវ​ អះអាងថា​ លោក​ថោង​ សារ៉ាត់​ មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ។

លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៨និង​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ រីឯ​ក្រុម​អង្គរក្ស​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ។

ហេតុការណ៍​បាញ់​សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ​ កើត​ឡើង​​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន ៕ ចេស្តា


ចែករំលែក៖