កណ្ដាល៖ រឿងក្ដីស្ត្រីម្នាក់ឆបោកប្រាក់ជិតមួយម៉ឺនដុល្លារអាមេរិក បានបន្តនីតិវិធីដល់សភាស៊ើបសួរសាលាឧទ្ធរណ៍ ។ ចន្លោះពេលនេះ ដើមបណ្ដឹងអះអាងថា មានអ្នកកំពុងរត់ការឲ្យមានការដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន ។ ដើមបណ្ដឹង មិនជំទាស់ឡើយចំពោះការដោះលែងនេះ តែសូមផ្តល់ភាពយុត្តិធម៌ ជាពិសេសសងប្រាក់ដែលជំពាក់នេះមកវិញ កុំដោះលែងមនុស្ស រីឯលុយក៏មិនបាន ។
ដើមបណ្ដឹង អះអាងទៀតថា សំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ភូ ពៅស៊ុន ចៅក្រម សាលាឧទ្ធរណ៍ តែពុំទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយទេ ។
គួរបញ្ជាក់ថា លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចមិនដោះលែងស្ត្រីឈ្មោះ អៀត សារឹម អាយុ៥១ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជាអាជីវករ ។ ចំណែកជនរងគ្រោះឈ្មោះសុខ សោភ័ណភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានដដែល បន្តថា ក្រោយការសម្រេចបដិសេធនេះ មេធាវីមួយរូបក្នុងចំណោម៣រូប អះអាងថា គេនឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ បន្តទៀត ប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរ ។
ប្រភពដដែល និយាយទាំងហួសចិត្តថា មេធាវីរូបនេះ បានបោះពាក្យសម្តីថា នឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយរកអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលទើបឡើងដំណែងឲ្យកាន់រឿងនេះផ្ទាល់ ។
មន្ត្រីតុលាការខេត្តកណ្ដាលដឹងរឿងនេះច្បាស់បង្ហើបប្រាប់អ្នកសារព័ត៌មាន ថា នេះជាសិទ្ធិរបស់មេធាវី ហើយប្រសិនបើសភាស៊ើបសួរសាលាឧទ្ធរណ៍ យល់ថាការសម្រេចរបស់ចៅក្រមស៊ើបសួរ មិនត្រឹមត្រូវ សភាស៊ើបសួរ អាចសម្រេចសាជាថ្មីបាន ។
គួរបញ្ជាក់បន្ថែមថា យោងដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បង្ហាញថា ស្ត្រីឈ្មោះ អៀត សារឹម ជាប់ចោទពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៦ តាមមាត្រា៣៩១ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។
ស្ត្រីរងគ្រោះ ធ្លាប់បានបញ្ជាក់ថា ស្ត្រីឈ្មោះ អៀត សារឹម ត្រូវជាមិត្តភក្តិរបស់គាត់ហើយធ្លាប់រកស៊ីជាមួយគ្នា។ ដោយមានទំនាក់ទំនងជិតស្និទ្ធផងដែរ ។ មុនដំបូង ស្ត្រីឈ្មោះអៀត សារឹម បានខ្ចីប្រាក់ចំនួន៧០០ដុល្លាររួចបានខ្ចី៨០០ដុល្លារ ទៀត ។ ក្រោយមកបានខ្ចី១០០០ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនិងគ្រឿងអលង្ការផងដែរសរុបជាទឹកប្រាក់ជិតមួយម៉ឺនដុល្លារ ។
លុះក្រោយមកគាត់ត្រូវការលុយ ពេលទៅសួរនាំយកមកវិញស្រាប់តែស្ត្រីឈ្មោះ អៀត សារឹម ចេះតែគេចវេះថ្ងៃនេះថ្ងៃនោះមិនព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងរហូតដល់តុលាការខេត្តកណ្តាលឲ្យជួយរកយុត្តិធម៌ជូនពួកគាត់។
ស្ត្រីរងគ្រោះ សម្តែងក្តីសង្ឃឹមថា ប្រព័ន្ធតុលាការ ជាពិសេសសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅតែផ្តល់យុត្តិធម៌ជូនគាត់ ដោយមិនត្រូវដោះលែងជនត្រូវចោទ ដរាបណាស្ត្រីរូបនេះ ពុំទាន់សងប្រាក់នោះទេ ៕ ចេស្តា