ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករ៨ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តប៉ៃលិននៅតែខិតខំបន្តការដាំដុះដំឡូងមី បើមានការទីផ្សារតម្លៃចុះក៏ដោយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះ ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមី ដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយ និងអ្នកខ្លះទៀត ក៏បន្តដាំជាបន្តបន្ទាប់ បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង និងពេលខ្លះគ្មានអ្នកទិញ ក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើស និងសង្ឃឹមថា នៅឆ្នាំក្រោយនឹ ងបានតម្លៃខ្ពស់ជាងពេលនេះ ។

លោក គ្រូ សុជាតិ ជាពលរដ្ឋរស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលកំពុងដាំដំឡូងមីជាច្រើនហិចតា បានពួកគាត់បានលើកឡើងថា នៅឆ្នាំមុន ដំឡូងមីរបស់គាត់មិនសូវបានផលច្រើនប៉ុន្មានទេ ដោយជួបគ្រោះរាំងស្ងួតនារដូវប្រាំង ដល់រដូវវស្សាវិញ បែរជាភ្លៀងជោកជាំធ្វើឲ្យមើមដំឡូងមីគាត់រលួយមិនសូវបានផល ម្យ៉ាងទៀតតម្លៃចុះខ្លាំងទៀត ធ្វើឲ្យជីវភាពគាត់កាន់តែជួបការលំបាក និងជំពាក់បំណុលគេច្រើន តែគាត់នៅតែបន្តដាំទៀត ព្រោះគ្មានមុខរបរក្រៅពីនេះ។

ចំណែកពលរដ្ឋផ្សេងទៀត ដែលកំពុងដកដំឡូងមីបានត្អូញត្អែរថា ឥឡូវនេះតម្លៃដំឡូងមីថោកខ្លាំងណាស់ គឺគេទិញក្នុងតម្លៃ១០០រៀល ក្នុងមួយគីឡូក្រាម ហើយប៉ុន្មានថ្ងៃនេះ តាមស្តង់ខ្លះគេអត់ទិញទៀតដឹកទៅដល់ស្តង់ហើយ ដឹកមកផ្ទះវិញ តែពួកគាត់សុទ្ធតែខ្ចីបុលលុយគេយកមកធ្វើ ដល់ពេលសងគេវិញ និងអ្នកខ្លះជួលដីគេដាំ ដល់ពេលគេយកដីវិញ ទោះថោកយ៉ាងណាក៏បង្ខំចិត្តដល់លក់ដែរ ។ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បើនៅឆ្នាំក្រោយតម្លៃដំឡូងមី និងពោតថោកយ៉ាងនេះ ពួកគាត់នឹងលក់ដីឈប់ធ្វើចំការទៀតហើយ ព្រោះជំពាក់គេច្រើនទៅៗ ឥឡូវនៅខេត្តប៉ៃលិននេះ មិនសូវមានកម្មករធ្វើការ ព្រោះគេចំណាកស្រុកទៅធ្វើការនៅប្រទេសថៃស្ទើរតែស្ងាត់ស្រុកអស់ហើយ ៕ ស សារ៉េត


ចែករំលែក៖