ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ ដឹកនាំមន្រ្តីក្រោមឱវាទនិមន្តព្រះសង្ឃក្រុងពលីសូត្រមន្តបង្សុកូលសុំសេចក្តីសុខចំរើនក្នុងការចាប់ផ្តើមសាងសងអគារសាលាខណ្ឌដូនពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្រ្តីក្រោមឱវាទនិមន្តព្រះសង្ឃក្រុងពលី សូត្រមុខបង្សុកូលសុំសេចក្តីសុខចំរើនក្នុងការចាប់ផ្តើមសាងសងអគារសាលាខណ្ឌដូនពេញថ្មី ដែលស្ថិតនៅទីតាំងសាលាខណ្ឌចាស់ ។

អគារសាលាខណ្ឌដូនពេញដែលចាប់ផ្តើមសាងសងឡើងវិញនេះ ស្ថិតនៅទីតាំងផ្លូវលេខ៦១ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានកម្ពស់៥ជាន់ ស្មើនឹងដី៦៨៦ការ៉េ ។

គួររំលឹកថា បុគ្គលិកនិងមន្ត្រីរាជការនៃសាលាខណ្ឌដូនពេញចាប់ផ្តើមរើតោករើហ៊ឹងហើយ កាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ឆ្ពោះទៅស្នាក់បណ្តោះអាសន្ននៅទីតាំងថ្មី ដែលស្ថិតនៅអតីតសាលាន័រតុន ដែលស្ថិតនៅកែងផ្លូវលេខ ១១៨ និង១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ក្រោយពីមានការឯកភាពពីសាលារាជធានីភ្នំពេញដែលបានប្រគល់ដីនោះទៅឲ្យទៅក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអ៊ិនវេសមិនឌឺវេឡុបមិន ដើម្បីសាងសង់អគារថ្មី ។

សាលារាជធានីភ្នំពេញបានសម្រេចឲ្យសាលាខណ្ឌដូនពេញ រុះរើការិយាល័យរបស់ខ្លួនទៅធ្វើការបណ្តោះអាសន្ននៅទីតាំងផ្សេងនោះ គឺដើម្បីប្រគល់ដីទៅឲ្យក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអ៊ិនវេសមិនឌឺវេឡុបមិន ធ្វើការសាងសង់អគារថ្មីកម្ពស់៨ជាន់ជូនសាលាខណ្ឌដូនពេញវិញជាថ្នូរនឹងការកាត់យកដីនៅផ្លូវកាច់ជ្រុង អស់ប្រមាណជាពីរភាគបីនៃផ្ទៃដីទំហំជាង២.០០០ម៉ែត្រការ៉េ របស់សាលាខណ្ឌដូនពេញទាំងមូលព្រោះទីតាំងសាលាខណ្ឌដូនពេញនាបច្ចុប្បន្នដែល ស្ថិតនៅកែងផ្លូវលេខ៦១ និងផ្លូវលេខ៩០ មានទំហំជាង២.០០០ម៉ែត្រការ៉េ ជាប់ជាមួយនឹងអគារគណបក្សប្រជាជនកម្ពុជាខណ្ឌ ដែលទើបតែសង់រួចនាពេលថ្មីៗនេះផងដែរ ។

គួររំលឹកទៀតថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ ជាមួយនិងក្រុមហ៊ុនពាក់ព័ន្ធនឹងការទិញលក់ដីសាលាខណ្ឌដូនពេញ គឺក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអ៊ិនវេសមិនឌឺវេឡុបមិន ដែលជាក្រុមហ៊ុនទិញចុងក្រោយគេបានសុំសិទ្ធិគ្រប់គ្រង និងសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីសាលាខណ្ឌដូនពេញ ទំហំ១.៤៨៦ម៉ែត្រក្រឡា ដោយទុកឲ្យសាលាខណ្ឌដូនពេញនៅសល់ផ្ទៃទំហំតែ៦៨៦ម៉ែត្រក្រឡាប៉ុណ្ណោះ ដើម្បីទុកឲ្យរដ្ឋបាលខណ្ឌដូនពេញ បម្រើជូនសាលាខណ្ឌវិញ ៕ ស តារា


ចែករំលែក៖