ភ្នំពេញ៖ ក្រោយបន្ថយការងារសិល្បៈមួយរយៈពេលខ្លី តារាប្រុស ជួន អមរិទ្ធ បានសំរុកការងារសិល្បៈ៣ព្រមៗគ្នា ទាំងការចេញបទចម្រៀងថ្មី Original Song ការសម្តែងភាពយន្តថ្មី និងការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។
ម្ចាស់ពានផ្នែក សុឆន្ទៈ ក្នុងកម្មវិធីប្រឡងយុវតារា ឆ្នាំ២០០៩ លោក ជួន អមរិទ្ធ បានបង្កើតស្នាដៃសិល្បៈជាច្រើនទាំងការច្រៀង និងសម្តែង។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនបានស្គាល់លោកច្រើន មានដូចជារឿង ”កូនឥតខាន់ស្លា” ”មាស់គំនុំម្ចាស់ស្នេហ៍” និងរឿង អច្ឆរិយៈស្នេហ៍ ជាដើម ។ ថ្មីៗនេះ លោកស្រាប់តែចាប់បានតំណែងការងារជាច្រើនបន្តបន្ទាប់គ្នា ក្រោយពីលោកសម្រេចចិត្តទទួលយកការងារសិល្បៈជាប់លាប់ជាងមុន ។ លោកថា កន្លងទៅ លោកមមាញឹកជាមួយនឹងការងារខាងក្រៅ ទើបមិនសូចជាទទួលការងារសិល្បៈច្រើនជាប់លាប់ ។ ប៉ុន្តែថ្មីៗនេះលោកបានសម្រេចចិត្តក្តាប់ឱកាសការងារជាច្រើន ព្រោះតែមិនចង់ឲ្យវារបូតចេញពីដៃ។ ការងារជាតារាសម្តែង លោកទទួលបានតំណែងតួឯកក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ CTN គឺរឿង”បណ្តោងខ្សែកពេជ្រ” ដោយសម្តែងរួមជាមួយតារាស្រីកញ្ញា ប៉ែន ស្រីពេជ្រ ។ ក្រៅពីការសម្តែង លោកក៏ទើបនឹងទទួលបានតំណែងជាពិធីករក្នុងកម្មវិធីដំណើរផ្សងព្រេង បែបទេសចរណ៍ របស់ស្ថានីយទូរទស្សន៍ My TV គឺកម្មវិធី ”ទិដ្ឋភាពថ្មីលើទឹកដីសុវណ្ណភូមិ” ។ អ្វីដែលគេចាប់អារម្មណ៍ជាមួយស្នាដៃសិល្បៈថ្មីផងដែរនោះ គឺការបញ្ចេញបទចម្រៀងថ្មី Original Song ដែលោកបាននិពន្ធទំនុកច្រៀងដោយខ្លួនឯងគឺបទ”លះបង់” ។
តារាប្រុសវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថា ការសំរុកបញ្ចេញស្នាដៃជាច្រើនផ្នែកព្រមគ្នានេះ គឺដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ ហើយវាមិនមែនជាឧបសគ្គសម្រាប់លោកទេ ព្រោះកន្លងមកលោកធ្លាប់ចូលរួមប្រឡង និង ហ្វឹកហាត់ការងារសិល្បៈគ្រប់ផ្នែករួចរាល់មកហើយដែរ ។ លោកថា ស្នាដៃថ្មីៗទាំងបទចម្រៀង ការសម្តែង និងជាពិធីករនេះនឹងអាចបម្រើអារម្មណ៍ ទស្សនិកជនបានច្រើន។ ទោះជាយ៉ាងណាលោក ក៏ពិតជាមានការព្រួយបារម្ភខ្លះដែរ ជុំវិញការបំបុកស្នាដៃជាច្រើនព្រមគ្នា ទើបពេលខ្លះលោកមិនចង់ទទួលយកការសម្តែង ជាច្រើនរឿងព្រមៗគ្នានោះ ។
អតីតារាចម្រៀងប្រចាំផលិតកម្មBN រូបនេះបញ្ជាក់ដែរថា ក្រៅពីការងារសិល្បៈទាំងនេះ លោកក៏មានគម្រោងបញ្ចេញស្នាដៃសិល្បៈមួយចំនួនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះហើយលោករំពឹងថា ស្នាដៃថ្មីៗរបស់លោកនឹងអាចជួយបម្រើអារម្មណ៍ទស្សនិកជន ពិសេសអ្នកគាំទ្រ លោកផងដែរ ៕ វឌ្ឍនា