ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនមួយកញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួន៣នាក់ ខណៈដែល ពួកគេ កំពុងជិះម៉ូតូចូលក្នុងគោលដៅឆែកអាវុធជាតិផ្ទុះកាលពី វេលា ម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅតាម បណ្តោយ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតបានដាក់គោលដៅឆែកអាវុធជាតិផ្ទុះនៅចំណុចកើតហេតុខាងលើ ស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ច ហៅឲ្យឈប់រួចឃាត់ខ្លួនត្រួតពិនិត្យ និង រកឃើញមានគ្រឿងញៀនមួយកញ្ចប់តូច។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវខាងលើយកមកធ្វើតេស្តិ៍ទឹកនោមហើយនោះ មានតែម្នាក់ទេដែលមានសារធាតុញៀន ចំណែក២នាក់ទៀតដោយមិនមានសារធាតុញៀន ត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។

ជនសង្ស័យឈ្មោះ ហ៊ុម ឃឹម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួលម្ដុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖