ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាជាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលទើបសាងសង់រួចរាល់ថ្មីៗ។ សមិទ្ធផលសំខាន់ៗ ដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ រួមមាន អគារសាលាខេត្តត្បូងឃ្មុំ អគាររដ្ឋបាលខេត្ត អគារស្នាក់នៅរបស់មន្រ្តីរាជការប្រព័ន្ធផ្លូវធ្វើដំណើរដែលជាប្រភេទផ្លូវភ្លោះ អាងស្តុកទឹកប្រើប្រាស់ដែលអាចស្តុកទឹកបានប្រមាណបីលានម៉ែត្រគូប និងស្ថានីយផលិតទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាត ២០៨ម៉ែត្រគូបក្នុងមួយម៉ោង រួមទាំងសមិទ្ធផលផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកខេត្តត្បូងឃ្មុំនេះជាលើទី៣ហើយ គឺនៅឆ្នាំ២០១៥ សម្តេចបានអញ្ជើញមកបើកការដ្ឋានសាងសង់សមិទ្ធផលផ្សេងៗទីនេះ នៅឆ្នាំ២០១៦ សម្តេចបានមកសម្ភោធអគារសាលកវិទ្យាល័យហេងសំរិន និងឆ្នាំ២០១៧នេះ សម្តេចតេជោ បានអញ្ជើញមកសម្ពោធអោយប្រើប្រាស់អគារសាលាខេត្ត និង សមិទ្ធផលមួយចំនួនទៀតក្នុងទីរួមខេត្តនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានរលឹកពីអតីតកាលក្នុងសម័យសង្គ្រាម ពោលគឺប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិនៅក្នុងរបបខ្មែរក្រហម ជាពិសេសអនុស្សាវរីយ៍ជាច្រើននៃការតស៊ូរបស់សម្តេចនៅក្នុងខេត្តត្បូងឃ្មុំនេះ។
ការបង្កើតខេត្តត្បូងឃ្មុំនេះឡើង គឺបានបង្ខិតសេវារដ្ឋបាលសាធារណៈអោយនៅកៀកជាមួយប្រជាពលរដ្ឋ រួមទាំងបំពេញសេចក្តីត្រូវការចាំបាច់នានារបស់ប្រជាពលក្នុងខេត្តនេះ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខេត្តត្បូងឃ្មុំនឹងក្លាយទៅជាទីប្រជុំជន និងមានភាពអ៊ូអរតាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធតម្រូវការចាំបាច់ថ្មីៗជាច្រើន។
តាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានសរសេរសារមកកាន់ Facebook សម្តេច ស្នើសុំអោយ បង្កើតអគារសិក្សារបន្ថែមដើម្បីងាយស្រួលដល់ក្មួយៗចៅៗសិស្សានុសិស្សនៅទីប្រជុំជននេះ សម្តេច សម្តេចតេជោ បានផ្តល់ជូននូវការសាលាបឋមសិក្សា១ខ្នង និង អនុវិទ្យល័យ និងវិទ្យល័យ១ខ្នង ដែលក្នុងនោះ សាលាបឋមសិក្សាគឺផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន១៨ បន្ទប់ ទីចាត់ការ ១ខ្នង មាន ៣បន្ទប់។ អនុវិទ្យាល័យ និងវិទ្យល័យ គឺផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងទីចាត់ការ ១ខ្នង មាន ៣បន្ទប់ ព្រមទាំងផ្ទះស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ និងផ្ទះស្នាក់នៅរបស់សិស្ស ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ រួមទាំងធ្វើតារាង បាលទាត់ បាល់ទះ និងបាលបោះផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រាសាសន៍ថា ចាប់ពីថ្ងៃ ១៥ ខែ ឧសភា ឆ្នាំ២០១៧ តទៅ ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកតាមបណ្តាលខេត្តនានាក្រោម ៣ ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតំលៃ។ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកពី៤-៧ម៉ែត្រគូប គឺបញ្ចុះតំលៃពី ៥៥០រៀល មក ៥០០ រៀល។ ចំពោះអគ្គីសនីវិញ គឺប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីក្រោម១០គីឡូវ៉ាត់ម៉ោង គឺបញ្ចុះមកត្រឹម៤៨០រៀល។ អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងគឺតម្លៃ ៦១០រៀល។ ចំពោះអ្នកដែលប្រើប្រាស់អគ្គិសនីលើសពី៥០គីឡូវ៉ាត់ម៉ោងឡើងគឺតំលៃ ៧៧០រៀល (បណ្តាញរដ្ឋ) រីឯចំពោះអ្នក ប្រើប្រាស់បណ្តាញឯកជនវិញគឺតម្លៃ ៧៩០រៀល ដើម្បីជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋ។
សន្តិភាពបានធ្វើអោយរាជរដ្ឋាភិបាលមានឱកាសក្នុងការកសាងសមិទ្ធិផលនានាសម្រាប់បម្រើប្រយោជន៍ និងដោះស្រាយបញ្ហាផ្សេងជាច្រើនជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ដូចជាការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ និងការបញ្ចុះតលៃទឹកភ្លើងជាដើមដើម្បីអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់ តែល្អប្រសើរជាងមុន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាក្នុងបេសកម្មអង្គការសហប្រជាជាតិ ដែលបានពលីជីវិតក្នុងការវាប្រហារដោយពួកឧទ្ទាមកាលពីយប់ ថ្ងៃទី ៨ មិនាឆ្នាំ២០១៧ នៅប្រទេសម៉ារ៉ុក ដែលមានកងទ័ពយើង១នាក់បាត់បង់ជីវិត និងបាត់ខ្លួន៣ នាក់ ទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើរអោយក្រសួងការពារជាតិ និងក្រសួងការបរទេសតាម ដានរឿងនេះ និងរាយការណ៍ជូនសម្តេចជាបន្ទាន់ចំពោះដំណឹងនៃការបាត់ខ្លួនកងទ័ពកម្ពុជា។
ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃល្អ ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ភោធអគារសាលាខេត្តត្បូងឃ្មុំ និងសមិទ្ធិផលនានាដាក់អោយប្រើប្រាស់ចាប់ពីពេលនេះតទៅប្រកបដោយបរិយាកាសរីករាយក្រៃលែង៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ