មន្រ្តីគយវ័យក្មេងម្នាក់ លោក កែវ វ៉ាន្នី កំពុងត្រូវបានឈ្មួញរកស៊ីរិះគន់ថា គាបយកលុយពីពួកគាត់តាមអំពើចិត្ត ខណៈអាជ្ញាធរខេត្តតាកែវ និងមន្រ្តីគយជាន់ខ្ពស់ក៏មិនបានអើពើចំពោះការត្អូញត្អែររបស់ពួកគាត់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា លោក កែវ វ៉ាន្នី កំពុងតែយកអង្គភាពគយធ្វើជាមុខរបររកស៊ីរបស់ខ្លួន និងបក្ខពួក ព្រោះពួកគេគិតតែគាបយកលុយដោយគ្មានខ្វល់ខ្វាយចំពោះច្បាប់ទម្លាប់អ្វីឡើយដែលទង្វើខាងលើនេះ គឺមិនខុសពីមន្រ្តីគយជំនាន់មុនៗនោះឡើយ។
ឈ្មួញរកស៊ីនាំចូលទំនិញបង់ពន្ធស្របច្បាប់នៅខេត្តតាកែវ បានបញ្ជាក់ថាបើទោះជាទំនិញពួកគាត់បានបង់ពន្ធត្រឹមត្រូវហើយក៏ដោយ ក៏បក្ខពួករបស់លោក កែវ វ៉ាន្នី គ្មានការអនុគ្រោះឡើយ គឺតែងតែរកលេសចាប់កំហុសខុសនេះខុសនោះមិនចេះចប់ដើម្បីបង្ខំឲ្យបង់លុយ។ ចំពោះបញ្ហានេះក្រុមឈ្មួញបានបញ្ជាក់ថា ពួកគាត់ត្រូវបង្ខំចិត្តបង់លុយឲ្យមន្រ្តីពុករលួយដើម្បីងាយស្រួលដឹកទំនិញឆាប់បានដល់គោលដៅ បើមិនអញ្ចឹងទេ មន្រ្តីគយពុករលួយនឹងរកវិធីចាប់កំហុសដើម្បីបង្កលក្ខណៈស្មុគស្មាញដល់ក្រុមឈ្មួញដែលធ្វើឲ្យខាតពេលនិងខូចទំនិញ។
ចំណែកក្រុមឈ្មួញរកស៊ីដឹកទំនិញគេចពន្ធក៏បានបញ្ជាក់ដែរថា លោក កែវ វ៉ាន្នី ដែលជាមន្រ្តីគយមានឥទ្ធិពលនៅខេត្តតាកែវបានយកមុខតំណែងរបស់ខ្លួនមកសម្លុតឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធដោយគាបយកលុយស្ទើរតែរកប្រាក់ចំណេញមិនឃើញ បើទោះជាទំនិញដែលនាំចូលនោះជាទំនិញគេចពន្ធយ៉ាងណាក៏ដោយ។
ប្រភពដដែលបានបញ្ជាក់ថា ទំនិញគេចពន្ធដែលនាំចូល មិនត្រឹមតែត្រូវបានមន្រ្តីគយសម្លុតយកលុយឆៅៗនោះទេ តែក៏មានមន្រ្តីជំនាញផ្សេងៗទៀតគាបយកលុយផងដែរ ដូចជាមន្រ្តីនគរបាលសេដ្ឋកិច្ចជាដើម ៕