ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ោយ វៃ៉ កំពុងប្រើគ្រឿងចក្រឈូស ឆាយទន្រ្ទានដីព្រៃជម្រកសត្វលំផាត់ ជិត ១០០០ហិកតា

ចែករំលែក៖

ខេត្តរតនគិរី ៖ យ៉ាងតិច ក៏មានគ្រឿង ចក្រចំនួន៥គ្រឿងបានកំពុងឈូសឆាយ ទន្រ្ទានយកដីព្រៃ ស្ថិតក្នុងដែនជម្រកសត្វ លំផាត់ ចាប់ពីចំណុចអូរលំជ័រ ភូមិកែងសាន់ ស្រុកលំផាត់ ខេត្តរតនគិរី ។​

ការទន្រ្ទាននេះ ត្រូវបានប្រជាពលរដ្ឋ នៅទីនោះអះអាងថា ឈ្មួញបានឈូស ឆាយនិងកាប់ផ្តួលរំលំឈើទន្រ្ទានយកដីព្រៃ ដែនជម្រកសត្វលំផាត់អស់ជិត១០0០ ហិកតាមកទល់នឹងចុងសប្តាហ៍កន្លងទៅ ។ មេឈ្មួញក្នុងការកាប់ទន្រ្ទានយកដីព្រៃជម្រកសត្វនេះ ត្រូវបានអ្នកភូមិបង្ហើបឲ្យដឹងថាឈ្មោះ ម៉ោយ វ៉ៃ និងជាថៅកែចម្ការម្រេច , ដូង ប្រេងដ៏ធំជាងគេនៅស្រុកលំផាត់នេះ ហើយការទន្រ្ទាននេះ ក៏អាចពាក់ព័ន្ធទៅ នឹងអាជ្ញាធរ និងជំនាញពាក់ព័ន្ធផងដែរ ។

ករណីនេះ លោក ម៉ោយ វ៉ៃ បានប្រាប់ នគរវត្តតាមទូរស័ព្ទឲ្យដឹងថា ករណីខាង លើនេះ មិនមែនជាដីរបស់លោកនោះទេ ដោយគ្រាន់តែមានគ្រឿងចក្រប៉ុណ្ណោះ ។ លោកបញ្ជាក់ថា ប្អូនប្រុសរបស់ខ្ញុំគាត់ជា អ្នកធ្វើដីព្រៃនេះ ។ ដូច្នេះអាចទាក់ទងសួរ នាំ ទើបដឹងច្បាស់ ។

ដោយឡែកប្អូនប្រុសរបស់គាត់ដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណបានប្រាប់ នគរវត្តថា ដីព្រៃទាំងនោះ ខ្ញុំបានប្រមូល ទិញពីប្រជាពលរដ្ឋត្រឹមត្រូវ និងទទួលស្គាល់ ពីអាជ្ញាធរ តាមរយៈការផ្ទេរសិទ្ធិជាដើម ។ លោកបន្តថា ការឈូសឆាយនេះ សម្រាប់ ធ្វើចម្ការតែប៉ុណ្ណោះ មិនមានទ្រង់ទ្រាយធំ ឡើយ ។

លោក នូ ថេ អភិបាលនៃគណៈអភិបាល ស្រុកលំផាត់ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បានប្រាប់នគរវត្តយ៉ាងដូច្នេះថា ខ្ញុំតែងតែប្រាប់ជារឿយៗ ទៅកាន់អ្នកកាសែត ថា ដីនៅតំបន់នោះ បើទោះជាឋិតនៅក្នុង ស្រុកលំផាត់ក៏ដោយ ប៉ុន្តែជាដីព្រៃជម្រក សត្វ ឋិតក្នុងព្រះរាជក្រឹត្យ គឺឋិតក្រោមការ គ្រប់គ្រងរបស់បរិស្ថានដែនជម្រកសត្វ លំផាត់ ។ គួរតែសួរទៅខាងសមត្ថកិច្ចដែន ជម្រកសត្វនោះ ទើបអាចដឹងថាយ៉ាង ណាៗ ។

នារសៀលថ្ងៃខែឆ្នាំដដែលនេះ នគរវត្ត មិនអាចទាក់ទងបានទេ ពីនាយកដែនជម្រក សត្វលំផាត់ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក ខុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរីតាមទូរស័ព្ទបានប្រាប់នគរវត្ត ថា​ ខ្ញុំធ្លាប់បានទទួលជុំវិញព័ត៌មានទាំងនេះ ដែរ ប៉ុន្តែពុំទាន់ដឹងច្បាស់លាស់ពីតំបន់ ភូមិសាស្រ្ត ខ្ញុំក៏បានចាត់មន្រ្តីជំនាញឲ្យចុះ ទៅពិនិត្យមើលជាក់ស្តែង ។ លោកបន្តថា ពួកគាត់ ពុំទាន់បានរាយការណ៍នៅឡើយ ទេ ជុំវិញព័ត៌មានឮថា មានការឈូសឆាយ ដីព្រៃដែនជម្រកសត្វលំផាត់ ។ បញ្ហានេះ បើមានរបាយការណ៍ពីជំនាញជាផ្លូវការណ៍ ខ្ញុំក៏បញ្ជាក់ជូនពេលក្រោយ ។

គួររំឭកថា នៅតំបន់អូរលំជ័រកន្លងទៅ គឺមានក្រុមឈ្មួញបានជួលពលរដ្ឋចូលទៅ អារ ផ្តួលរំលំឈើ ក្នុងដែនជម្រកសត្វនេះ ជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយមកទើប មានការឈូសឆាយទន្រ្ទានយកដីព្រៃទាំង នោះ ដោយលោក ម៉ោយ វ៉ៃ ។ បញ្ហាទាំង អស់នេះ គួរណាស់អាជ្្ញាធរខេត្តមានវិធាន ការទប់ស្កាត់ ខណៈខាងជំនាញបរិស្ថានពុំ ទាន់អើពើក្នុងរឿងនេះ ៕ សិលា


ចែករំលែក៖