ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង ប្រុស ស្រី ២នាក់ លង់ទឹកស្លាប់ក្នុងស្រះយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាម៖ ក្មេងប្រុស ស្រី ២ នាក់ បងប្អូនជីដូនមួយ បាននាំគ្នាមកចុះមុជទឹកស្រះលេង នៅខាងក្រោយផ្ទះ ប្រហែល ចម្ងាយ១៥០ម៉ែត្រ បណ្តាលឱ្យលង់ស្លាប់ ខណៈឪពុក ម្តាយមិននៅផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល ពេញភូមិ នៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាម ។

បើតាមការរៀបរាប់ពីឪពុកម្តាយ ទាំង២នាក់ បានប្រាប់ថា ពួកគាត់បានបាត់កូននៅម៉ោងប្រហែល១៣និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ តែមិនបានទៅរកទេ លុះម៉ោង១៦និង០០នាទីល្ងាច ថ្ងៃដដែល ទើបនាំគ្នាដើររកកូន ហើយក៏ប្រទះឃើញខោអាវ នៅមាត់ស្រះ ទើបនាំគ្នាចុះរាវរកតែម្តង ខណៈនោះ ស្រាប់តែឃើញសាកសពកូន ទាំង២នាក់ តែម្តង រួចយកមកលើគោករាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋ រួចមក កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយ ពិនិត្យ និងស្រាវជ្រាវលើដងខ្លួនសាកសពជនរងគ្រោះទាំង២នាក់ រួចក៏បានសន្និដ្ឋានថា សាកសពជនរងគ្រោះ ប្រុស ស្រី ទាំង២នាក់ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។

ប្រភពបានបន្តថា កុមាររងគ្រោះទាំង២នាក់មានឈ្មោះ ៖ ទី១/ឈ្មោះ គី សុផាន ភេទ ស្រី អាយុ ៩ឆ្នាំ ជាសិស្សថ្នាក់ទី២ និង ទី២/ឈ្មោះ ធឿន សុផានិត ភេទ ប្រុស អាយុ ៥ ឆ្នាំ។ ក្មេងទាំង២នាក់រស់នៅភូមិគោកស្រម៉ ឃុំល្វា ស្រុក ពួក ខេត្តសៀមរាប ទាំងអស់គ្នា ហើយត្រូវជាបងប្អូនជីដូនមួយ ទឹកស្រះនោះមាន ទទឹង ១០ម៉ែត្រ បណ្តោយ១០ម៉ែត្រ ជំរៅ១,៧០ម៉ែត្រនៅខាងជើងផ្ទះជនរងគ្រោះចំងាយ១៥០ម៉ែត្រ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្មេង ប្រុស ស្រី ទាំង២នាក់ក្រោយពីធ្វើកុសល្យវិច័យរួច ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖