ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាផ្តល់ថវិកានិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសពវីរយុទ្ធមួកខៀវកម្ពុជា៤រូប

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់ក្រុមគ្រួសារវីរយុទ្ធជនទ័ពមួកខៀវកម្ពុជាទាំង៤រូប ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌នៅអាហ្វ្រិកកណ្តាលដោយម្នាក់ៗ ទទួលបានថវិកា ២០លានរៀល រួមមានជាមួយនឹង គ្រឿងបរិភោគនិងឧបភោគជាច្រើនទៀត ដូចជា អង្ករ ២០០គ.ក្រ, ត្រីខ ៥០កំប៉ុង, មី ៥កេស, អូវ៉ាន់ទីន ១កេស, ស្ករស ៥គីឡូ, ទឹកក្រូច ១០កេស, ទឹកដោះគោឆៅ ១កេស និងគូលេនកំប៉ុងចំនួន ១កេស។ក្នុងនោះលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកទៅជូនគ្រួសារសពលោកព្រិន្ទបាលទោ ស៊ាង នរិន្ទទា និងលោកព្រិន្ទបាលទោ មុំ តុលា។

លោកសម កុសល នាយកនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា យកទៅជូនបុណ្យសព លោកអនុសេនីយ៍ទោ អ៊ឹម សំ ។ លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជាប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក ម៉ៅ អេង ។

បើតាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសំអាតកាកសំណល់សង្គ្រាម បានប្រាប់ឲ្យដឹងថា សពវីរយុទ្ធទ័ពមួកខៀវកម្ពុជា នឹងដឹកមកដល់កម្ពុជាក្នុងពេល២សប្ដាហ៍ខាងមុខនេះយ៉ាងលឿន។ ជាធម្មតាការពលីរបស់ទ័ពរក្សាសន្តិភាពរបស់កម្ពុជានេះ អង្គការសហប្រជាជាតិនឹងផ្តល់ប្រាក់៧ម៉ឺនដុល្លារសម្រាប់ម្នាក់ៗ ព្រមជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជាក៏បើកប្រាក់បំណាច់បន្ថែមតាមគោលរបបនៃឋានន្តរសក្ដិជូនក្រុមគ្រួសារសពផងដែរ ៕ ប្រាថ្នា


ចែករំលែក៖