ព័ត៌មានទាន់ហេតុការណ៍៖

ខេមរៈ សិរីមន្តត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនក្រោយផុតកុងត្រាជាមួយសាន់ដេ

ចែករំលែក៖

 
ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត ត្រូវបានគេទម្លាយថា គ្រោងដើរចេញពីផលិតកម្មសាន់ដេនៅពេលដ៏ខ្លីខាងមុខនេះ និងគ្រោងបើកដំណើរការផលិតកម្មផលិតបទចម្រៀងដោយខ្លួនលោកផ្ទាល់ផងដែរ ។

ការទម្លាយនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ខេមរៈ សិរីមន្តជិតនឹងបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេក្នុងពេលឆាប់ៗនេះ ។ ប្រភពទម្លាយថា គម្រោងបើកផលិតកម្មផ្ទាល់ខ្លួននេះ គឺមានជាយូរមកហើយ ព្រោះក្រុមត្រកូល ខេមរៈ មានជំនឿជាក់ខ្ពស់ចំពោះប្រជាប្រិយភាពរបស់ពួកគេ ។ ទោះជាយ៉ាងណា លោកខេមរៈ ភារុណ ត្រូវជាបងប្រុស និងជាអ្នកនិពន្ធល្បីឈ្មោះម្នាក់បានស្ទាក់ស្ទើរចំពោះការលើកឡើងខាងលើ ។ លោកលើកឡើងថា ការបើកផលិតកម្មថ្មីនេះ មិនទាន់ដឹងច្បាស់យ៉ាងណាទេ ដោយរង់ចាំផុតកុងត្រាជាមួយសាន់ដេសិន ។ អ្នកនិពន្ធរូបនេះបន្តថា រឿងប្អូនប្រុសលោកគាត់បើកផលិតកម្មផ្ទាល់ខ្លួនហ្នឹងនៅវែងឆ្ងាយទៀត លោកមិនអាចបញ្ជាក់ពេលនេះបានទេ គឺត្រូវរង់ចាំមើលបន្តសិន។

លោកថា បើកផលិតកម្មមិនមែនជារឿងងាយស្រួលទេ ហើយវាគឺជារឿងដ៏ធំ និងស្មុគ្រស្មាញបំផុត ហេតុនេះលោកក៏ដូចជាប្អូនប្រុសមិនមែនចេះតែអាចធ្វើឡើងភ្លាមៗបាននោះទេ ។ លោកក៏ថ្លែងបដិសេធចំពោះការលើកឡើងដែរថា ការចេញបើកផលិតកម្មផ្ទាល់ខ្លួននេះ គឺក្រោយពេលលោក និងប្អូនប្រុសមានទំនាស់ជាមួយម្ចាស់ផលិតកម្មសាន់ដេនោះ ។ លោកថា ត្រកូលខេមរៈជាមួយផលិតកម្មសាន់ដេនៅតែល្អូកល្អិនជាមួយគ្នាដដែល បើទោះជាកុងត្រាជិតបំផុតកំណត់ហើយក្ដី ។

ទោះជាយ៉ាងណាប្រភពដែលកៀកកិតជិតតារាចម្រៀងខេមរៈ សិរីមន្តលើកឡើងថា ការត្រៀមបើកផលិតកម្មផ្ទាល់ខ្លួននេះ ក៏ព្រោះតែការសំឡឹងមើលឃើញទីផ្សារ និងអាចទាញតារាចម្រៀងល្បីឈ្មោះមួយចំនួនចូលរួមក្រៅពីប្អូនស្រីលោក គឺកញ្ញា ខេមរៈ ស្រីពៅនោះ។

គួរបញ្ជាក់ដែរថា លោកខេមរៈសិរីមន្តរួមនឹងបងប្រុសនិងប្អូនស្រីបានជ្រកក្រោមទ្រនំសាន់ដេអស់រយៈពេល៩ឆ្នាំហើយ ដោយបានបង្កើតនូវការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ គេក៏នៅរង់ចាំមើលពីការបើកដំណើរការផលិតកម្មថ្មីរបស់ពួកគេផងដែរ៕ វឌ្ឍនា


ចែករំលែក៖