ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយមិនប្រុងប្រយ័ត្ន ស្រាប់តែទៅបុកនឹងរថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវពីក្រោយយ៉ាងពេញទំហឹងបាក់កជើងខាងស្តាំ ត្រូវបនប្រជាពលរដ្ឋ ក៏ដូចជាអ្នកភូមិ និងអ្នកធ្វើដំណើរចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣០ និងលេខ១៣១ ភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះអាយុប្រមាណជាង៣០ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯងដោយជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១F ១១៣៦ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ហើយស្រាប់តែទៅបុកនឹងរថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ ត្រួយចេក ស្លាកលេខ ភ្នំពេញ ៣B ៨៥៧១ជារបស់ ក្រុមហ៊ុន SBLL ពីកន្ទុយរ៉ឺម៉កកុងតឺន័រខាងក្រោយឆ្វេងដែលចតជញ្ចើមផ្លូវខាងជើងពីក្រោយពេញទំហឹងលាន់សូរប្រាវ និងស្រែកហៅឲ្យអ្នកភូមិជួយរួចក៏សន្លប់បាត់ស្មារតី ។
បន្ទាប់កើតហេតុ អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន មកជួយដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ព្រមទាំងវាស់វែង និងយកវត្ថុតាងទាំង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ថា មូលហេតុ: ដោយអ្នកបើកបរម៉ូតូគ្មានការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើង ៕ យឹម សុថាន