ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបើកកៀរម៉ូតូបណ្តាលឲ្យក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តដឹកឥដ្ឋបើកកៀរម៉ូតូមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ១១០ បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កព្យាយាមបើកគេខ្លួន តែរត់មិនរួចត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលតាមប្រមាញ់ចាប់បានទាំងរថយន្តនិងអ្នកបើកបរ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯក្នេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកស្អាង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-9897 បើកបរដោយឈ្មោះ នៅ ចាន់គីរី ហៅ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកឥដ្ឋ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FW-0719 បើកបរដោយឈ្មោះ រុន រីដា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកតាបន់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ចយ សេងធី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស (រងរបួសស្រាល) មានទីលំនៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបាន ឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកស្អាងឆ្ពោះទៅច្បារអំពៅ) ។លុះបើកដល់ចំណុចកើតហេតុរថយន្តបានបើកកៀរម៉ូតូក្មេងស្រីរងគ្រោះដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យក្មេងស្រីសុិស្សសាលាទាំង២នាក់រងបួសធ្ងន់ស្រាលតែម្តង ៕ ស្អាងជ័យ

 


ចែករំលែក៖