ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ អះអាងថា​ នឹង​ពិនិត្យ​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដែល​ដោះលែង​ស្ត្រី​ឈ្មោះ​អៀត​ សារឹម​

ចែករំលែក៖

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ អះអាងថា​ នឹង​ពិនិត្យ​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដែល​​ដោះលែង​ស្ត្រី​ឈ្មោះ​អៀត​ សារឹម​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ជិត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ ។

ការ​លើកឡើង​នេះ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​ដើម​បណ្ដឹង​ ដែល​អះអាង​ថា​ ការ​សម្រេច​នេះ​ មាន​ភាព​មិន​ប្រក្រតី​ ហើយ​អាច​បង្កប់​អំពើ​ពុករលួយ​ ដែល​ដើម​បណ្ដឹង​ ថា​ នឹង​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​ជួយ​ស៊ើបអង្កេត​ករណី​នេះ​ ។​

លោក​ស្រី​​ សុខ​ សោភ័ណ្ឌ​ ជា​ដើម​បណ្ដឹង​អះអាង​ថា​ លោក​ ភូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ កាលពី​ថ្ងៃទី​៩​ ខែ​ឧសភា​ សម្រេច​ដោះលែង​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​ ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ គឺ​ ផ្ទុយ​ពី​ការ​សម្រេច​របស់​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដែល​ពុំ​ដោះលែង​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ។​

មុន​ការ​សម្រេច​ដោះលែង​​នេះ​ គឺ​ កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​ដើម​បណ្ដឹង​​សង្ស័យ​ថា​ អាច​បង្កប់​អំពើ​ពុករលួយ​ ។​

លោក​ស្រី​ សោភ័ណ្ឌ​ បន្តថា​ លោក​ស្រី​គង់​ លាង​ជូ​ ជា​មេធាវី​ការពារ​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ធ្លាប់​និយាយ​ថា​ នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដោះស្រាយ​សំណង​ ។​ ប៉ុន្ដែ​ពេល​នេះ​ បាន​ត្រឹម​តែ​ជា​ការ​សន្យា​ខ្យល់​ ពោលគឺ​ មនុស្ស​ត្រូវ​បាន​ដោះលែង​ រីឯ​សំណង​មួយ​រៀល​ក៏​ពុំ​បាន​ទទួល​ ។

មិន​តែ​ប៉ុណ្ណោះ​ សូម្បី​តែ​ពេល​សវនាការ​ និង​ ការ​សម្រេច​ដោះលែង​នេះ​ គឺ​ ដើម​បណ្ដឹង​ពុំ​បាន​ដឹង​ឡើយ​ នេះ​បាន​មន្ត្រី​សាលា​ដំបូង​ខេត្ត​កណ្ដាល​ វិញ​ទេ​ ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ដីកា​ដោះលែង​មនុស្ស​ចំថ្ងៃ​ទី​១០​ ខែ​ឧសភា​ ត្រូវ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​ ទើប​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​ ពុំ​ទទួល​យក​ដីកា​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ហើយ​ជំនួយ​ការ​របស់​លោក​ស្រី​មេធាវី​ គង់​ លាង​ជូ​ ត្រឡប់​ទៅ​វិញ​ ។

ឆ្លើយ​តប​ការ​លើកឡើង​នេះ​ លោក​ស្រី​មេធាវី​ គង់​ លាង​ជូ​ អះអាងថា​ លោក​ស្រី​ធ្វើ​តែ​តាម​នីតិវិធី​ប៉ុណ្ណោះ​ ។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ គឹម​ សន្តិភាព​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា​ ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ ។​ ប្រសិនបើ​មានភាព​មិន​ប្រក្រតី​ណាមួយ​ទាក់ទង​នឹង​ទិដ្ឋភាព​ច្បាប់​ ឬ​ ករណី​ពុករលួយ​ណាមួយ​ សូម​ផ្តល់​ព័ត៌មាន​ដោយ​ភ្ជាប់​នូវ​សក្ខីកម្ម​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​រួមមាន​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ។លោក​ គឹម សន្តិភាព​ អះអាងថា​ នឹង​ពិនិត្យ​ព័ត៌មាន​នេះ​ ៕ ចេស្តា


ចែករំលែក៖