ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយមេភូមិកំពង់អុសបិទលូរំដោះទឹកលើផ្លូវបណ្តាលឲ្យទឹកដក់ខូចផ្លូវ ជួបការលំបាកដល់អ្នកធ្វើដំណើរ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវត្រពាំងបី សង្កាត់ផ្សារឆ្នាំង បានត្អូញ ត្អែរអំពី កាលំបាកក្នុងការធ្វើដំណើរ តាមផ្លូវក្រាលកៅស៊ូមួយនេះ រាល់ពេលដែលក្រោយភ្លៀង គឺច្រើនតែមានទឹកដក់ នៅលើផ្លូវកៅស៊ូនេះ គឺបន្ទាប់ពីមានស្រ្តីម្នាក់ដែលគេស្គាល់ថា ជាម្តាយ មេភូមិកំពង់អុស បានបិទលូរំដោះទឹកនៅលើផ្លូវនេះ ។

ករណីនេះ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរ សង្កាត់ ក្រុង និង មន្រ្តីជំនាញ ជួយពិនិត្យ មើល ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីធ្វើយ៉ាងណាងកុំឲ្យផ្លូវនេះដក់ទឹក ដែលអាចធ្វើឲ្យឆាប់ខូច និង ជួបការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ផ្លូវមួយខ្សែដែលកំពុងលិចទឹកលិចនៅពេលមានភ្លៀងធ្លាក់ ហើយរងការខូចខាតខាងលើនេះ គឺស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវនេះ មានលូសម្រាប់បង្ហូរទឹកចេញ តែក្រោយមកលូបង្ហូរទឹកនេះ ត្រូវបានស្រ្តីម្នាក់ ដែលគេស្គាល់ថា ជាម្តាយរប់លោកមេភូមិកំពង់អុស បានបិទផ្ជិតមិនឲ្យទឹកចូល ទើបណ្តាលឲ្យទឹកនៅដក់លើផ្លូវបណ្តាលឲ្យផ្លូវមួយកន្លែងនេះ កាន់តែរងការខូចខាតជាបន្តបន្ទាប់តែម្តង ។

ពាក់ព័ន្ធនឹងការណីនេះ លោកស្រីភួង ឈួយអេង ចៅសង្កាត់ផ្សារឆ្នាំងបានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភាថា លោកស្រីធ្លាប់បានដោះស្រាយ២ដងមកហើយ លើកំណាត់ផ្លូវនេះ តែមិនបានទទួលលទ្ធផលឡើយ ខណៈដែលម្តាយលោកមេភូមិកំពង់អុស ជាអ្នកបិទគម្របលូមិនឲ្យបង្ហូរទឹកចូលទៅផ្នែកខាងក្រោម បណ្តាលឲ្យខូចផលដំណាំរបស់គាត់ ។

ពាក់ពន្ធ័ករណីខាងលើនេះ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក កែវ ពៅ បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភាដែរថា ចំពោះរឿងនេះ ខាងលោកបានដឹងហើយដែរ តែផ្លូវនេះមានលូសម្រាប់រំដោះទឹកចេញនៅពេលមានភ្លៀងធ្លាក់ម្តងៗ កុំឲ្យមានទឹកដក់លើផ្លូវ តែមិនដឹងយ៉ាងណា បានជាម្តាយលោកមេភូមិកំពង់អូស បានបិទលូមិនឲ្យបង្ហូរទឹកចេញពីផ្លូវ ខណៈកន្លងមក ធ្លាប់ត្រូវបានចៅហ្វាយក្រុងកំពង់ឆ្នាំងដោះស្រាយម្តងមកហើយ តែក៏មិបានទទួលលទ្ធផលដូចគ្នាដែរ ។

លោកថា ចំពោះរឿងនេះ លោកនឹងរាយការណ៍ជូនអភិបាលខេត្តកំពង់ឆ្នាំងហើយ ចំពោះកំណាត់ផ្លូវក្រាលកៅស៊ូខាងលើនេះ ៕ ចន្ថា

 


ចែករំលែក៖