ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ជាលើកទីមួយដែលអតីតប្រធានាធិបតី អូបាម៉ាបង្ហាញពីមូលហេតុមិនវាយប្រហារស៊ីរី

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញពីមូលហេតុ ដែល លោកមិនចេញបញ្ជាឲ្យបើកការវាយប្រហារទៅលើប្រទេសស៊ីរី ក្នុងពេលដែលលោកកាន់តំណែងប្រធានាធិបតីនោះ ។

សារព័ត៌មាន Politico បានផ្សាយថា លោកអូបាម៉ា បានសម្រេចចិត្តមិនវាយ ប្រហារស៊ីរីគឺដោយសារតែ លោកមិនចង់ បញ្ជូន ទាហានអាមេរិកចូលទៅកាន់តំបន់គ្រោះថ្នាក់និងជាតំបន់ ពិបាកក្នុងការ ដោះស្រាយនោះ។ លោកអូបាម៉ាបាន លើកឡើងថា «ការមើលឃើញទាហាន វ័យក្មេង របស់អាមេរិកត្រូវ ទៅកាន់តំបន់ មានគ្រោះថ្នាក់បែបនេះ គឺពិតជាពិបាក ខ្លាំងណាស់។

លោកអូបាម៉ាបន្តទៀតថា កត្តាទាំង នោះហើយ ទើបធ្វើឲ្យលោកសម្រេចចិត្ត​មិនវាយប្រហារ ទៅលើរដ្ឋាភិបាលស៊ីរី​ឡើង បើទោះបីរកឃើញថា ស៊ីរីបានប្រើ ប្រាស់អាវុធគីមីក្តី ។ នៅពេលនោះ អាមេរិក​ បានចរចា ហើយដកហូតអាវុធគីមីទាំង អស់ចេញពីប្រទេសស៊ីរី។

កាលពីជំនាន់លោកអូបាម៉ាបាន ប្រកាសកំណត់បន្ទាត់ក្រហមចំពោះរដ្ឋាភិបាល លោកអាល់អាសាដ ប្រសិនបើប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋស្លូតត្រង់ ដូចកាល ពីខែសីហាឆ្នាំ២០១២ អាមេរិកនឹងប្រើ ប្រាស់កម្លាំងយោធាវាយប្រហារទៅលើ​រដ្ឋាភិបាលស៊ីរី។

តាំងពីពេលនោះមក ស៊ីរី មិនប្រើប្រាស់អាវុធគីមីឡើយដោយខ្លាចរងការវាយ ប្រហារពីអាមេរិក ពេលនោះសូម្បីតែសម្ពន្ធមិត្តរុស្ស៊ីក៏មិនអាចការពារស៊ីរីបានដែរ ។ រហូតដល់លោកអូបាម៉ា បញ្ចប់អាណត្តិនោះស៊ីរីក៏បានវាយប្រហារដោយអាវុធគីមី ពេលនេះ លោកត្រាំមិនលើកលែងឡើយដោយបានបញ្ជាវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីភ្លាមៗនោះដែរ។

ការសម្រេចចិត្តវាយប្រហាររបស់លោកត្រាំ ដោយប្រើមីស៊ីល Tomahawk ដល់ទៅ​៥៩គ្រាប់ ទៅលើទីតាំងទាហានអាកាស ស៊ីរី គឺជាការឆ្លើយតបភ្លាមៗរបស់អាមេរិក មិនរង់ចាំយូរឡើយ ។ ការវាយប្រហាររបស់លោកត្រាំទទួលបានការសរសើរពីពលរដ្ឋអាមេរិក។ការវាយប្រហារបែបនេះនឹងធ្វើឲ្យរដ្ឋាភិបាលស៊ីរីមិនហ៊ានវាយប្រហារ ដោយ អាវុធគីមីទៀតឡើយ បើនៅតែបន្ត ពេល ក្រោយ អាចនឹងវាយប្រហារទៅលើទីតាំង រដ្ឋាភិបាលស៊ីរីតែម្តង។

កាលពីជំនាន់លោកអូបាម៉ា បើទោះបី អាមេរិកមិនវាយប្រហារតែ បានបង្កើតទីតាំងយោធាប្រកបដោយសុវត្ថិភាពនៅក្នុងទឹកដីស៊ីរីតែម្តង។ អាមេរិកបានសាងសង់ អាកាសយានដ្ឋានយោធានៅភាគខាងជើងស្ថិតនៅចន្លោះស្រុក Sheddadi និង Hasakah ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្មIS ក៏ដូចជាឃ្លាំមើលសកម្មភាពរបស់​រដ្ឋាភិបាលស៊ីរី។

តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធា គឺជាកន្លែងដែលមានប្រេង​ច្រើនបំផុត។ តាមប្រភពព័ត៌មានបាន​បញ្ជាក់ ទីតាំងនោះជាកន្លែងប្រើប្រាស់ ​ ដើម្បីវាយប្រហាររំដោះទីក្រុងRaqqa ។

កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមIS អាមេរិកក៏បានបើកអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ស្ថិតនៅក្នុងខេត្តHasakhah និង ក្រុង Kobani ស្ថិតនៅក្នុងខេត្តAleppoដែរ ។ បច្ចុប្បន្នការសាងសង់ ទីតាំង Sheddadi បានឈានដល់ដំណាក់កាលចុងក្រោយ បំផុត ។ តំបន់នោះគឺសម្បូរថាមពលប្រេង ឧស្ម័នច្រើនបំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះចាប់តាំងពីរំដោះបានSheddadi ពីក្រុមIS ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវបានទាហានអាមេរិកប្រើប្រាស់សម្រាប់វាយប្រហារទៅលើទីក្រុងRaqqa ដែលជារដ្ឋធានីរបស់ក្រុមIS ។ ទីតាំងខាងលើអាមេរិកអាចផ្ទុកអាវុធនៅ ទីនោះផងដែរ។

តាមប្រភពព័ត៌មានពីក្រុមទាហាន ​ប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពី អាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកនឹងហោះហើរចេញពីទីនេះទៅកាន់គោលដៅវាយប្រហារ ហើយទីតាំងនោះអាចផ្គត់ផ្គង់អាវុធបន្ថែមដល់ក្រុម បះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ។

ពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែររុស្ស៊ីបានសម្រេចបញ្ជូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរី ដែល ភាគីរុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារ ទៅលើSu 24 ពីកម្លាំងទាហានទួរគីនា ពេលកន្លងមក។

លោក Victor Ozerovបានបញ្ជាក់ថាប្រព័ន្ធមីស៊ីលការពារខាងលើមិនសំដៅទៅលើក្រុមភេរវកម្មIS នោះឡើយគឺទុកការពារការវាយប្រហារទៅលើយន្តហោះរបស់រុស្ស៊ីនៅស៊ីរី ។ បើទោះបីលោកមិនបាន បញ្ជាក់តែបាននិយាយសំដៅទៅលើក្រុមប្រទេសសម្ពន្ធមិត្តដែលដឹកនាំដោយអាមេរិក។

ស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែជាប់គាំងក្រោយពេលប្រទេសមហាអំណាចទាំងពីគឺររុស្ស៊ីនិងអាមេរិកមិនចុះសម្រុងនឹងគ្នានៅក្នុងការដោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយអស់ជាច្រើនឆ្នាំនៅស៊ីរី។

រុស្ស៊ីបាននាំយកនូវប្រព័ន្ធការពារ មីស៊ីល ចូលទៅដល់ទឹកដីនៃភាគពាយ័ព្យ ប្រទេសស៊ីរី ។ ហេតុដូច្នេះ សហរដ្ឋអាមេរិក មិនបានគិតថា រុស្ស៊ីមានគម្រោងការណា មួយ សំដៅទៅលើគោលដៅ របស់ សហរដ្ឋអាមេរិកឡើយ ។ មន្ត្រីមួយរូប បានលើកឡើងថា វាជាក្តី “កង្វល់មួយ”។ គេបានដឹងច្បាស់ថា ប្រព័ន្ធការពារមីស៊ីល ចំនួន ៣គ្រឿង ត្រូវបាននាំយកតាមនាវា មកកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរី ។

នៅពេលនេះប្រទេសមហាអំណាចបានចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងអង្គការសហប្រជាជាតិដោយក្នុងនោះអាមេរិកបាន ចោទរុស្ស៊ីថាជាអ្នកប្រព្រឹត្ត” អំពើ ឃោរឃៅសែនអមនុស្សធម៌” នៅស៊ីរី និង វោហារបំភ្លៃចេញពីបបូរមាត់ ឯកអគ្គរដ្ឋទូតអង់គ្លេសដែលចោទរុស្ស៊ីថាប្រព្រឹត្ត”ឧក្រិដ្ឋកម្ម សង្គ្រាម” នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីវិញបានសង្កត់ធ្ងន់ថា អាមេរិក អសមត្ថភាពញែកពួកភេរវជន ឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុល និយមចែងដោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី ដែលចុះហត្ថលេខាដោយក្រុងមូស្គូនិងវ៉ាស៊ីនតោន៕ ម៉ែវ សាធី


ចែករំលែក៖