ខេត្តសៀមរាប៖ ពលរដ្ឋស៊ីឈ្មួលដឹកដីលក់បានទៅជីកដីដឹកយកមកលក់ឱ្យប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ខណៈកំពុងកាយដីចេញពីឡាន ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់ រួចយកទៅឱ្យមន្ត្រីប៉ុស្តិ៍សង្កាត់ស្លក្រាម ដើម្បីរាយការណ៍ទៅឱ្យខាងអង្គភាពស៊ីម៉ាក មកទទួលយកទៅកម្ទេចចោល ។
ហេតុការណ៍ប្រទះឃើញគា្រប់មិនទាន់ផ្ទុះចំនួន១គ្រាប់នោះកើតឡើងនៅវេលាម៉ោង៩និង៥៥ នាទី ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងបរិវេណសង្កាត់ស្លក្រាម មុខប៉ុស្តិ៍នគរបាល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានទិញដីចាក់នៅមុខប៉ុស្តិ៍ ដើម្បីកុំឱ្យបែកភក់ នៅមុនមានភ្លៀងធ្លាប់ ទើបលោកប្រធានប៉ុស្តិ៍បានឱ្យគេយកដី១ឡាន ក្នុងតម្លៃ ១៧ដុល្លារ ខណៈឡានកំពុងយកមកចាក់ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់។
ប្រភពបានបន្តថា ក្រោយពីបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងការិយាល័យជំនាញគ្រប់គ្រង់អាវុធជាតិផ្ទុះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាមធុន105មីល្លីម៉ែត្រ ចំនួន01គ្រាប់ ប្រភេទគ្រាប់ផ្លោង ឱ្យទៅអង្គការស៊ីម៉ាក ដើម្បី់យកទៅកម្ទេចចោល ដែលមានទីតាំងស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ៕ ប៊ុន រិទ្ធី