ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃដំបូងនៃយុទ្ធនាការឃោសនានៅខេត្តកំពង់ឆ្នាំងមានសភាពស្ងប់ស្ងាត់ និងមានគណបក្សធំពីរចេញឃោសនាស្វែងរកការគាំទ្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី៤នេះ នៅខេត្តកំពង់ឆ្នាំង គឺមានសភាពស្ងប់ស្ងាត់ល្អ ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ប៉ុន្តែគេសង្កេតឃើញថា គណបក្សធំចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ បានចេញជួបសមាជិករបស់ខ្លួននៅតាមមូលដ្ឋាន ។

នៅខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយចំនួន៩ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយនៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនានេះ គេសង្កេតឃើញគណបក្សខ្លះបានចេញធ្វើសកម្មភាព ដង្ហែក្បួន និង គណបក្សមួយចំនួនទៀត ពុំទាន់បានចេញធ្វើសកម្មភាពហែក្បួននៅឡើយនោះទេ  ដែលការឃោសនា គ្រាន់តែជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ។

ដោយឡែកគបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនោះបានជួបអ្នកគាំទ្ររបស់ខ្លួនយ៉ាងច្រើនកុះករ នៅតាម ទីប្រជុំជន ដោយមានថ្នាក់ដឹកនាំគណបក្ស និង ក្រុមការងារជាច្រើនបានចុះជួបជាមួយសមាជិករបស់ខ្លួន ។

លោកស្រី នួន ចាន់ន្នី ប្រធានគណកម្មាធិការខេត្តរៀបចំការបោះឆ្នោតបានប្រាប់នគរវត្តនៅរសៀលថ្ងៃទី២០ ខែឧសភា ថា សភាពការណ៍ជាទូទៅនៃថ្ងៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤នេះ គឺមានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីនោះទេ ។ ចំពោះគណបក្សដែលចេញធ្វើសកម្មភាពក្នុងការឃោសនានៅថ្ងៃដំបូងនេះ មានគណបក្សចំនួន២ ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពធំ ជាងគេបានចុះជួបអ្នកគាំទ្ររបស់ខ្លួននៅតាមឃុំសង្កាត់ ។ ចំណែកឯគណបក្សសង្រ្គោះជាតិ គឺបានចេញធ្វើសកម្មភាពផងដែរ តែមិនសូវធំដុំនោះទេ ៕ ចន្ថា


ចែករំលែក៖