តើអាមេរិកមានបំណងអ្វីបានជាសម្រេចបញ្ជូននាវាផ្ទុកយន្តហោះទីពីរ ទៅកាន់ ឧបទ្វីបកូរ៉េ? នាវាផ្ទុកយន្តហោះទីពីរនេះមានឈ្មោះ USS Ronald Reagan ។ ចំពោះរឿងនេះក្រុមអ្នកវិភាគលើកឡើងថា ការបញ្ជូននាវាផ្ទុកយន្តហោះទីពីរនេះ គឺ ដើម្បីដាក់គំនាបលើ កូរ៉េខាងជើងថែម ទៀត ក្រោយពេលដែលប្រទេសនេះ មិនខ្លាចអាមេរិកសូម្បីតែបន្តិច ហើយបន្ត សាកល្បង មីស៊ីល ជាការឌឺដងអាមេរិក ថែមទៀតផង។
នាវាផ្ទុកយន្តហោះទីពីរ USS Ronald Reagan បានដាក់ឈរជើងនៅសមុទ្រកូរ៉េខាងត្បូង ក្រោយពីកូរ៉េខាងជើងសាកល្បងមីស៊ីលចុងក្រោយនេះ។នាវាផ្ទុកយន្តហោះ ខាងលើបានទៅដល់ប្រទេសជប៉ុននៅថ្ងៃទី ១៦ខែឧសភា ក្រោយពេលជួសជុល នៅកំពង់ផែ Yokosuka។
សារព័ត៌មានCNN បានផ្សាយថា នាវា ផ្ទុកយន្តហោះUSS Ronald Reagan អាច នឹងត្រូវជំនួស នាវា USS Carl Vinson ដែលលោកត្រាំបញ្ជូនទៅ ហើយពេលនេះ កំពុងតែឈរជើង នៅឧបទ្វីបកូរ៉េ ក្នុងពេលដែលស្ថានភាពក្នុងតំបន់កំពុងតែតានតឹង។
កម្លាំងទាហានជើងទឹកអាមេរិកបានឲ្យដឹងថា នាវាផ្ទុកយន្តហោះទីពីរ មានវត្ត មាននៅតំបន់ខាងលើ គឺដើម្បីចូលរួមការធ្វើសមយុទ្ធជាមួយកម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងនៅដើមខែមិថុនាខាងមុខ។
ការសាកល្បងកាំជ្រួចមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង គឺនៅថ្ងៃទី១៤ ខែឧសភា ហើយមីស៊ីលនោះបានធ្លាក់ ចូលក្នុងតំបន់សមុទ្រប្រទេសជប៉ុនជិត សហព័ន្ធរុស្ស៊ី។
ការគំរាមកំហែងរបស់អាមេរិក គ្មាន ប្រសិទ្ធភាពឡើយសម្រាប់កូរ៉េខាងជើង ដោយប្រទេសនេះមិនខ្លាចអាមេរិកវាយ ប្រហារនោះទេ។ កូរ៉េខាងជើង បានដឹង យ៉ាងច្បាស់ថា អាមេរិកមិនហ៊ានវាយ ប្រហារមកលើប្រទេសរបស់ខ្លួនឡើយ ទើបទីក្រុងព្យុងយ៉ាងសម្រេចបន្តសាកល្បងកាំជ្រួចមីស៊ីល ជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាង ជើង លោកគីម ជុងអ៊ុន បានស្នើដល់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងដែលទទួល ខុសត្រូវចំពោះការបាញ់ធ្វើតេស្ត ដ៏ជោគជ័យ នៃមីស៊ីលដ៏ថ្មីបំផុត របស់ព្យុងយ៉ាង ឈ្មោះ Hwasong-12 កំពុងទទួលបានការអបអរ សាទរ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងត្រូវគេណែនាំឲ្យធ្វើការផលិតនូវអាវុធមានថាមពលខ្លាំងក្លា ជាច្រើនបន្ថែមទៀត។
តាមប្រភពព័ត៌មានដែលចុះផ្សាយ ដោយ UPI នៅមុននេះបន្តិចបានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់ព្យុងយ៉ាង ដែលមានឈ្មោះ Rodong Sinmun បានចេញ ផ្សាយនូវសេចក្តីរាយការណ៍មួយ កាលពី ថ្ងៃសៅរ៍មុននេះថា មេដឹកផ្តាច់ការកូរ៉េខាង ជើង គីម ជុងអ៊ុន កំពុងតែប្រារព្ធពិធីជប់លៀងអបអរសាទរ ឲ្យដល់ក្រុមវិស្វករ ដែលទទួលជោគជ័យក្នុងការផលិត មីស៊ីល Hwasong-12។
កាសែត Rodong បានរាយការណ៍ បន្តថា ឆ្លៀតក្នុងឱកាសជប់លៀងអបអរ នោះដែរ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឲ្យអ្នកវិទ្យាសាស្ត្រ និង អ្នកបច្ចេកទេសទាំងអស់ ពង្រឹងនូវគោល គំនិតខ្លួនឯង និងផលិតអាវុធដែលមាន ថាមពល កាន់តែខ្លាំងក្លាឡើងបន្ថែមទៀត ដោយពឹងផ្អែកលើខ្លួនឯងផ្ទាល់ ។
សកម្មភាពខាងលើរបស់អាមេរិកនិង កូរ៉េខាងជើងបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ ទីក្រុងប៉េកាំងបានធ្វើការជំរុញឲ្យសហរដ្ឋអាមេរិក និងប្រទេសកុម្មុយនីស្តផ្តាច់ការ កូរ៉េខាងជើងមានការប្តេជ្ញាធ្វើការសម្រេចចិត្តផ្នែក នយោបាយ ដើម្បីដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនេះបើយោងតាមការចុះផ្សាយរបស់ UPI។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានធ្វើចំណាប់ អារម្មណ៍ឲ្យមានការបញ្ចប់ការប្រឈមមុខដាក់គ្នានេះ កាលពីថ្ងៃសុក្រ ក្នុងការឆ្លើយ តបចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋ មន្ត្រីការបរទេសអាមេរិក Rex Tillerson។
យោងតាមសារព័ត៌មាន UPIលោក Hong Seok-hyun ជាប្រេសិតពិសេសរបស់ កូរ៉េខាងត្បូង បានឲ្យដឹងថា លោក Rex Tillerson បានមានប្រសាសន៍ថា ទីក្រុងវ៉ា ស៊ីនតោន នឹងធានាសន្តិសុខរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ប្រសិនបើមានលក្ខខណ្ឌ ជាក់លាក់ ត្រូវបានសម្រេចឡើង ដោយ គោលដៅនៃគោលនយោបាយ រដ្ឋបាល លោក ត្រាំ គឺមិនមែនផ្លាស់ប្តូរ ឬក៏ឈ្លាន ពានរដ្ឋាភិបាល ប៉ុន្តែគឺធ្វើឲ្យប្រាកដចំពោះ សុវត្ថិភាពរដ្ឋាភិបាល៕ ម៉ែវ សាធី