ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកលឿនដូចហោះទៅបុករោងលក់ភេសជ្ជៈនិងស្លាកយីហោផ្ទះសំណាក់បណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

 

ភ្នំពេញ៖ រថយន្តម៉ាកកូរូឡាមួយគ្រឿងបើកលឿនដូចហោះ ទៅបុករោងលក់ភេសជ្ជៈ និងស្លាកយីហោផ្ទះសំណាក់បណ្តាលឱ្យរងការខូចខាត ។

ហេតការណ៍ការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកូរូឡា ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A 1952 បើកដោយបុរសវ័យចំណាស់ម្នាក់ ក្នុងល្បឿនមធ្យម តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត មកដល់ក្លោងទ្វារវត្តអរុណវត្តី បំណងបត់ចូលតាមក្លោងទ្វារវត្ត តែមិនដឹងយ៉ាងម៉េច ក៏ស្រាប់តែរេចង្កូតសំដៅទៅទិសខាងកើត ហើយរថយន្តបែរជាលឿនដូចហោះទៅបុករោងលក់ភេសជ្ជៈ និងស្លាកយីហោផ្ទះសំណាក់ពេញទំហឹងបណ្តាលឱ្យរងការខូចខាត រូមទាំងធុងទឹកកក២ ម៉ូតូចាស់១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

ប្រភពពីបុរសវ័យចំណាស់ដែលជាអ្នកបើករថយន្តខាងលើបានឱ្យដឹងថា គាត់បានឃើញរថយន្តកុងទុន័រហើយគាត់បានបន្ថយល្បឿនគេចចេញ តែរថយន្តជាប់ហ្គាទើបមានរឿងដូច្នេះ ។

ទោះជាយ៉ាងណា ភាគីខាងរថយន្តបង្កបានចរចាសងថ្លៃការខូចខាតទៅឱ្យម្ចាស់សម្ភារដើម្បីបញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖