ទិវាចងចាំ ២០ ឧសភា ឆ្នាំនេះខុសពី២០ ឧសភាឆ្នាំមុនៗបន្តិច ខណៈប្រជាពល រដ្ឋទូទាំងប្រទេសកំពុងប្រារព្ធទិវានេះយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ក៏បានចាប់ផ្តើមផងដែរ។ ជាព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែមានខ្លឹមសារទាក់ទងគ្នា។ ចាប់តាំងពីឆ្នាំ១៩៨៣មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ២០ ឧសភា ចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់ សហករណ៍ខ្លួននៅតាមតំបន់រំដោះនិងបន្តអនុវត្តរហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា។ គោលនយោបាយនេះធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្មរងទុក្ខ ខ្លោចផ្សា និរាសព្រាត់ប្រាស ។
នៅក្នុងបរិបទនៃការប្រារព្ធទិវាចងចាំ២០ ឧសភានេះ ប្រជាជនកម្ពុជាភាគច្រើនលើសលប់ពិតជាបានយល់អំពីរឿងរ៉ាវសោកនាដកម្មដែលប្រជាជនខ្មែរបានឆ្លងកាត់ ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាមហែលឆ្លងកាត់ក្នុងឈាម និងទឹកភ្នែក ការបំផ្លិច បំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការងារគ្មានពេល ស្រាកស្រាន្ត ខ្វះថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មាន លទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏មិនហ៊ាននឹកដល់ផង កុំសូម្បីឡើយតែសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃការតវ៉ា ។
នៅក្នុងរបបខ្មែរក្រហមគ្មានឡើយសិទ្ធិតវ៉ា តវ៉ាមានតែស្លាប់ប៉ុណ្ណោះ គ្មានការផ្តល់ប្រាក់កម្រៃណាមួយឡើយដល់ពលរដ្ឋដែលត្រូវបង្ខំឱ្យធ្វើការងារដោយបង្ខំ។ តែ២០ ឧសភានេះ ពលរដ្ឋបានដើរចាកឆ្ងាយពីសង្គ្រាមរស់នៅក្នុងសុខសន្តិភាពកម្ពុជាបាន ដើរចេញពីកម្រិតសេដ្ឋកិច្ចសូន្យមកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចរង្វង់៧ភាគ រយជារៀងរាល់ឆ្នាំជាកំណើនសេដ្ឋកិច្ចមួយដែលគ្មានប្រទេសណាមួយដូច ។
ជាការពិតការអភិវឌ្ឍប្រទេសមួយមិនអាចល្អឥតខ្ចោះឡើយតែបានបោះជំហាន ទៅមុខរហូត ទោះបីជាជីវភាពប្រជាពលរដ្ឋមួយចំនួននៅជួបការលំបាកនៅឡើយ ប៉ុន្តែមានភាពប្រសើរបន្តិចម្តងៗ។ ខុសស្រឡះពីរបបខ្មែរក្រហមដែលពលរដ្ឋរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការ ឥឡូវពលរដ្ឋចាប់ផ្តើមមានជីវភាពធូរធារ មានការងារ ធ្វើ មានប្រាក់កម្រៃសមរម្យ មានសិទ្ធិសេរីភាព និងជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមួយ។ កម្ពុជាគឺជាប្រទេសដែលមានសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញ មតិដែលល្អជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ។
កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមកប្រទេសខ្លួនទៅជាប្រទេសមួយដែលបានបញ្ជូនកម្លាំងកងថែរក្សាសន្តិភាព និងមនុស្សធម៌រាប់ពាន់នាក់ទៅកាន់ប្រទេសមួយចំនួនដែលកំពុងជួបប្រទះសង្គ្រាមស៊ីវិលដូចខ្លួនកាលពីអតីតកាល។ កម្ពុជាបានប្រែខ្លួនពីជនរងគ្រោះដោយសារ សង្គ្រាមទៅជាប្រទេសដែលផ្តល់បទពិសោធន៍ផ្នែកសន្តិភាពដល់ប្រទេសមួយចំនួន។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលស្ទើរតែគ្មានទេសចរមកជាប្រទេសដែលបាន ទទួលភ្ញៀវទេសចរជាង៤លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០១៦និងបន្តមានកំណើនភ្ញៀវ ទេសចរជាច្រើនលាននាក់ទៀតនៅពេលអនាគត ។
កម្ពុជាពេលនេះបានចាកចេញពីសង្គ្រាមបំផ្លិចបំផ្លាញមកជាប្រទេសកំពុងអភិវឌ្ឍន៍ ភាពក្រីក្របានធ្លាក់នៅសល់ប្រមាណ១១,៥ភាគរយកាលពីឆ្នាំ២០១៦។ សន្តិភាពគឺជាកត្តាចាំបាច់បំផុតដើម្បីអាចឈានទៅនិយាយពីការអភិវឌ្ឍ និយាយពីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ។ រយៈពេលជាង៣៨ឆ្នាំមកនេះសមិទ្ធផលជាច្រើនត្រូវបានស្តារ និងកសាងឡើងវិញគ្រប់ទិសទីនៃប្រទេសកម្ពុជារួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់កាតើខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរ កាត់បន្ថយពេលវេលា និងសន្សំសំចៃថវិកា ស្ពានឆ្លងកាត់ទន្លេវែងខ្លីត្រូវបានសាងសង់ឡើងសម្រួលដល់ចរាចរណ៍របស់ពលរដ្ឋ ។
សាលារៀនត្រូវបានសាងសង់រាប់ពាន់ម៉ឺនខ្នងរុញសាលារៀនដល់ភូមិអ្នកស្រុកក្នុងទិសដៅបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដើម្បីចូលរួមកសាង និង អភិវឌ្ឍជាតិ។ សេវាកម្មផ្សេងៗទៀតដែលជាតម្រូវការប្រចាំថៃ្ងរបស់ពលរដ្ឋត្រូវ បានរុញកៀកនឹងប្រជាពលរដ្ឋ ហើយកម្រៃសេវារដ្ឋបាលមួយចំនួនត្រូវបានលុបចោលដើម្បីកាត់បន្ថយការចំណាយ និងបង្កើនជីវភាពប្រជាជនកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៧៩មករដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនដែលយកពន្ធលើដីកសិកម្មឡើយ ដែលនេះធ្វើឱ្យពលរដ្ឋខ្មែរដែលជាប្រជាកសិករមិនចាំបាច់ចំណាយ ប្រាក់លើការបង់ពន្ធ។ សមិទ្ធផលជាច្រើនទៀតត្រូវបានសាងសង់ឡើងសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ប្រសិនបើប្រទេសមានអសន្តិសុខ និងមានសង្គ្រាមសមិទ្ធ ផលទាំងអស់នេះរួមទាំងភាពសុខសាន្តរបស់ពលរដ្ឋបច្ចុប្បន្ននឹងមិនមានវាសនាឈរបង្អួតខ្លួនបម្រើផលប្រយោជន៍ពលរដ្ឋឡើយ ។
ខណៈរាស្រ្តខ្មែរបានទទួលផលពីសន្តិភាព និងការអភិវឌ្ឍបក្សប្រឆាំងដែលមិនដឹងនៅទីណាផងនោះពេលប្រទេស និងប្រជាជនជួបគ្រោះកាច និងមានទុក្ខបាននិងកំពុងប្រើនយោបាយពីរក្នុងពេលតែមួយគឺ ទី១-នយោបាយប្រជាភិថុតិ (មានន័យថា សារលួងលោមបោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់រាងរាល់ រដូវបោះឆ្នោត និងការបោកប្រាស់ភូតកុហកតាមទិសស្លោ បំភ្លៃ បំភាន់ បំប៉ោង បំផ្លើស) និងទី២-នយោបាយប្រជោបាយនិយម (ញុះញង់ប្រជាជនឲ្យមានការស្អប់ និងមាន កំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាចនិងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោ បាយលើកំហឹងនេះដែលនេះជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ព្រោះនយោបាយប្រជោបាយ និយមនេះនឹងនាំឲ្យមានការបែកបាក់ជាតិ បង្កភាពវឹកវរចលាចលសង្គម និងឈានទៅ រកសង្រ្គាមសុីវិលជាថ្មី) ។
រាស្រ្តខ្មែរប្រឆាំង និងបដិសេធដាច់ខាតអ្នកញុះញង់ បង្កចលាចល និងអ្នកបោកប្រាស់រាស្ត្រដោយសន្យាខ្យល់ប៉ុនប៉ងទាញកម្ពុជាទម្លាក់ចូលមកក្នុងការផ្លាស់ប្តូរមួយដែលមានអសន្តិសុខ អស្ថិរភាព គ្មានសណ្តាប់ធ្នាប់ និងការសងសឹក ការរើសអើងប្រឆាំង ជាតិសាសន៍ និងជម្លោះវណ្ណៈក្នុងសង្គម និងធ្វើឱ្យជាតិបែកបាក់។ អ្នកស្រឡាញ់សន្តិភាព
ត្រូវតែធ្វើសកម្មភាពប្រកបដោយថាមវន្ត ហើយក្រោកឈរឡើងជ្រោងទង់សន្តិភាព ដើម្បីសេចក្តីសុខ និងបន្តការអភិវឌ្ឍតកូនតចៅជំនាន់ក្រោយ ៕