ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាកធុនត្រាពាក់ស្លាកលេខខេមរភូមិន្ទបើកកៀរម៉ូតូរួចបុករបាំងទ្រូងផ្លូវទៅមុខលែងរួច

ចែករំលែក៖

 

ភ្នំពេញ: រថយន្ដម៉ាកធុនត្រា មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ត្រូវបានម្ចាស់ បើកទៅកៀរម៉ូតូមួយគ្រឿងម៉ាកធូដេ បណ្ដាលឲ្យបុរសម្នាក់ដួលរងរបួសស្រាល រួចរថយន្តព្យាយាមបើករត់គេច ក៏ប៉ុន្តែបើករត់មិនបានប៉ុន្មានផងក៏ទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ ខូចខាតរបាំងថ្មអស់ចំនួន៥កង់ និងរថយន្ដខូតខាតយ៉ាងដំណំទើបទៅមុខលែងរួច។

ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោង១២និង១៧នាទី យប់ឈានចូលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៧ នៅនៅម្ដុំស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាកធូដេ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសដែលជាជនបង្កខាងលើ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២ ២-៨១៦៨ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង រួចព្យាយាមបត់រថយន្ដ ក៏ជ្រុលទៅកៀរនិងម៉ូតូគាត់ដែលជិះក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាបណ្តាលឲ្យដួល។បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចតែ មិនទាន់បានប៉ុន្មានផង ក៏ជិះទៅបុកនឹងក្បាលព្រួញចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដបើកទៅមុខលែងរួច។ រីឯរបាំងថ្មចែកទ្រូងផ្លូវរងកាខូចខាតអស់ចំនួន៤កង់ តែមិនបណ្ដាលឲ្យរងរបួសធ្ងន់ដល់មនុស្សទេ។

ក្រោយពេលកើតហេតុ ជនបង្កបានសងសំណងទៅជនរងគ្រោះដែលជាម្ចាស់ម៉ូតូធូដេ រីរថយន្ដរបស់ជនបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ វាស់វែងយកទៅរក្សាទុកដើម្បីធ្វើកាដោះស្រាយតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖