ព័ត៌មានទាន់ហេតុការណ៍៖

បីថ្ងៃជាប់គ្នា ច្រកអន្តរជាតិអូរយ៉ាដាវចេញឈើទៅវៀតណាមដូចហែកឋិនទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

ខេត្តរតនគិរី៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅច្រកអន្តរជាតិអូរយ៉ាដាវ ក្បួនរថយន្តសាំយ៉ុង ដឹកឈើប្រណីតល្មើសច្បាប់ កំពុងឆ្លងទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិន នៅចំពោះមុខក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័ន ក្នុងនោះ ក៏គេសង្ស័យថា អាជ្ញាធរខេត្ត អាចនឹងអនុញ្ញាតឲ្យមានបទល្មើសនេះកើតឡើងយ៉ាងខ្លាំងក្លាផងដែរ ។

សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ឆ្លងទៅវៀតណាមតាមច្រកអូរយ៉ាដាវនេះ បានកើតមានយ៉ាងសម្រុក ចាប់តាំងពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ រហូតដល់មកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលពុំមានសមត្ថកិច្ចអើពើ ទុកឲ្យរថយន្តដឹកឈើប្រណីតប្រភេទសាំយ៉ុងឆ្លងទៅវៀតណាមបន្តកន្តុយគ្នាដូចជារថយន្ត​ក្បួនរបស់ប្រតិភូផងដែរ ។

ទឹកដីខេត្តរតនគិរី ការបង្ក្រាបបទល្មើសព្រៃឈើ ហាក់ពុំមានប្រសិទ្ធភាព ខណៈសមត្ថកិច្ចអាជ្ញាធរជំនាញពាក់ព័ន្ធជាច្រើនទៀត កំពុងតែប្រមាញ់ប្រមូលសេដ្ឋកិច្ចចំពោះបទល្មើសព្រៃឈើនេះ ដូច្នេះរយៈពេល៣ថ្ងៃនេះ រថយន្តសាំយ៉ុងដឹកឈើប្រណីតទៅវៀតណាមតាមច្រកអូរយ៉ាដាវមានចំនួនរាប់រយគ្រឿងចេញទាំងយប់ទាំងថ្ងៃ ជាក់ស្តែងដូចជាព្រឹកថ្ងៃទី២២ ខែឧសភា រថយន្តមួយចំនួនបានឆ្លងផុត រថយន្តមួយចំនួនទៀតបានកំពុងធ្វើដំណើរបន្តកន្ទុយគ្នា ។ ដោយឡែកសមត្ថកិច្ចកាន់តែជំរុញឲ្យឆ្លងកាត់ ដើម្បី​លាភសក្ការនេះតែម្តង ៕ សុខ ខេមរា


ចែករំលែក៖