កូរ៉េខាងជើងបានព្រមានអាមេរិកថា «មិនត្រូវរង់ចាំការសុំអភ័យទោសណាមួយពីកូរ៉េខាងជើង ឡើយ» ហើយថែមទាំងគំរាមកំហែង ជម្រុញកម្មវិធីបរមាណូ ដើម្បីទប់ទល់នឹងសកម្មភាព ចងគំនុំរបស់អាមេរិក។
តាមសារព័ត៌មាន Express នេះជាការព្រមានថ្មីបំផុតរបស់កូរ៉េខាងជើង ក្នុងពេលដែលប្រឈមមុខតានតឹងជាមួយអាមេរិក មិនចុះកំដៅសោះ។ រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ចាត់ទុកការរារាំងកូរ៉េខាងជើង ផលិតអាវុធបរមាណូ និងកាំជ្រួចមីស៊ីល គឺជាអាទិភាព។
ការប្រកាសរបស់កូរ៉េខាងជើង ក៏បានរំលឹកដល់អតីតប្រធានាធិបតី Park GeunHye ហើយព្រមានថា កូរ៉េខាងជើង នឹងមិនមានការរាថយ ចំពោះសកម្មភាព បង្កសង្គ្រាមពីប្រទេសជិតខាង និងអាមេរិកឡើយ។
អ្នកនាំពាក្យគណកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិករបស់កូរ៉េខាងជើង KAPPC ថា «កូរ៉េខាងត្បូង គួរតែទទួលបានមេរៀន ពីការបញ្ចប់របស់ លោកស្រី Park GeunHye អ្នកដែលទទួលលទ្ធផលអាក្រក់បំផុត ដែលប្រឆាំងនឹងកម្មវិធីបមរាណូរបស់កូរ៉េខាងជើង»។
កូរ៉េខាងជើងបានប្រកាសថា«ការដែលធ្វើឲ្យប្រទេសជិតខាងរងគ្រោះដោយសារតែមានការជួយពីខាងក្រៅនោះ គឺបង្កឲ្យមានសោកនាដកម្មបរមាណូតែប៉ុណ្ណោះ។ អ្នកដែល ឌឺដង រារាំងកូរ៉េខាងជើង ផលិតអាវុធបរមាណូ ដើម្បីការពារខ្លួននោះ មិនត្រូវរង់ចាំការសុំលើកលែងទោសពីកូរ៉េខាងជើងឡើយ»។
កូរ៉េខាងជើងបានបញ្ជាក់ថា អធិបតេយ្យរបស់ប្រទេសនេះរងការបំពានយ៉ាងខ្លាំង ដោយសារតែ សកម្មភាព ឌឺដងចងគំនុំរបស់អាមេរិក និងសម្ពន្ធមិត្ត រយៈពេលកន្លងមក។ ប៉ុន្តែសកម្មភាពទាំងនោះនឹងមិនធ្វើឲ្យកូរ៉េខាងជើង ត្រូវបោះបង់ ឬកាត់បន្ថយកម្មវិធីបមរាណូរបស់ខ្លួនឡើយ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេ-អ៊ីន បានដាក់បញ្ជា ឲ្យមានកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ជាបន្ទាន់នៅឯវិមានខៀវ បន្ទាប់ពីប្រទេស កូរ៉េខាងជើង (DPRK) បានបាញ់សាកល្បង គ្រាប់មីស៊ីល ផ្លោង ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លោក Park Su-hyun អ្នកនាំពាក្យមួយរូប របស់លោកប្រធានាធិបតីបានថ្លែងប្រាប់ដល់ សារព័ត៌មានថា លោកប្រធានាធិបតី Moon បានចេញបញ្ជាឲ្យមានកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ មួយពីលោក Chung Eui-yongដែលត្រូវបាន តែងតាំងជាទីប្រឹក្សា សន្តិសុខជាន់ខ្ពស់បានតែងតាំងថ្មីថ្មោង ដែរនោះ ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៦និង០០នាទីយប់ ម៉ោងក្នុងតំបន់ ដែលមានលោក Chung ជាប្រធាន នៃការដឹកនាំការិយាល័យ សន្តិសុខជាតិ ជាអធិបតី នៅឯវិមានខៀវ៕ ម៉ែវ សាធី