កាលពីថ្ងៃទី២១ ខែឧសភា ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន អំពាវនាវដល់មេដឹកនាំប្រទេសកាន់សាសនាអ៊ិស្លាម នាំមុខនៅក្នុងសង្គ្រាមប្រឆាំង ក្រុមអ៊ិស្លាមជ្រុលនិយមកុំឲ្យធ្វើសកម្មភាពឃោរឃៅ សម្លាប់មនុស្សស្លូតត្រង់។
មានប្រសាសន៍ទៅកាន់មេដឹកនាំ៥៥ប្រទេសលោក ត្រាំ បានបញ្ជាក់ថា ប្រទេស កាន់សាសនាអ៊ិស្លាមភាគច្រើនចាំបាច់ត្រូវតែនាំមុខនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវនិយម។ ប្រធានាធិបតី ត្រាំ បានបញ្ជាក់ផង ដែរថា ប្រទេសអារ៉ាប់មានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារអំពើរហិង្សា ការវាយ ប្រហារភេរវកម្ម។ លោក ត្រាំ បានបញ្ជាក់ ទៀតថា អំពើភេរវកម្មបង្កឲ្យមានគ្រោះថ្នាក់ ដល់សន្តិសុខ និងមនុស្សធម៌រាលដាលនៅក្នុងតំបន់ទាំងមូល។
ក្រៅពីនេះលោក ត្រាំ បានជំរុញឲ្យ ប្រទេសអ៊ិស្លាមធានាថា ក្រុមភេរវកម្មនឹង មិនអាចស្វែងរកកន្លែងលាក់ខ្លួននៅក្នុង ប្រទេសអារ៉ាប់ឡើយ។ នៅក្នុងសុន្ទរកថា នោះដែរលោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងជាមួយប្រទេសតំបន់ឈូងសមុទ្រស្តីពីការប្រឆាំងដល់ការគាំទ្រហិរញ្ញវត្ថុ ដល់ក្រុមភេរវកម្ម។
ក្នុងពេលជាមួយគ្នានោះដែរ ព្រះមហា ក្សត្រសាវឌីអារ៉ាប៊ី Salman Bin Abdul Aziz បានបញ្ជាក់ថា សាវឌីអារ៉ាប៊ីនឹងមិនលើកលែងដល់បុគ្គលណាមួយដែលជួយដល់ក្រុមភេរវកម្មនោះឡើយ។ ព្រះមហា ក្សត្រសាវឌីអារ៉ាប៊ីបានប្តេជ្ញាកម្ចាត់ក្រុម ភេរវកម្មISទាំងស្រុង។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី ត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំ បណ្តាប្រទេសតំបន់ឈូងសមុទ្រGCC។ ជំនួបនោះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ដែលលោក ត្រាំ ទស្សនកិច្ចនៅអារ៉ាប៊ី ហើយ ជំនួបពិភាក្សាធ្វើឡើងមុនប៉ុន្មានម៉ោងនៃការចាប់ផ្តើមកិច្ចប្រជុំអាមេរិក-អារ៉ាប់ ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃដំបូង ប្រទេសទាំង២ អាមេរិក- អារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ៣៨០ពាន់លានដុល្លារ ក្នុងនោះមានវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅ អាមេរិក និងវិនិយោគលើវិស័យការពារ ជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ។
សាវឌីអារ៉ាប៊ី គឺជាប្រទេសទី១នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ត្រាំ ជាលើកដំបូង។ ក្រៅពីនេះលោកនឹងទៅកាន់ប្រទេសអុីស្រាអែល បុរីវ៉ាទីកង់ បែល ហ្សុិក និងអុីតាលី៕ ម៉ែវ សាធី