ខេត្តសៀមរាប ៖ បន្ទាប់ពីឡើងកាន់តំណែងបានជិត១ខែ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំបញ្ជាកម្លាំងផ្ទាល់ឃាត់ខ្លួនក្រុមក្មេងទំនើង៣១ នាក់ ដែលតែងតែប្រមូលផ្តុំគ្នានៅបរិវេណអង្គរឃ្យុងយូ យកមកអប់រំឲ្យរាងចាល ។
ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសួនច្បារមុខសណ្ឋាគារសុខាសៀមរាប ក្នុងភូមិចិងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ការដឹកនាំបញ្ជារកម្លាំងផ្ទាល់ បង្រ្កាបក្មេងទំនើង ដែលតែងតែជួបជុំគ្នា ជាក្រុមៗ នៅជាប់របងសណ្ឋាគារ សុខាសៀមរាប តាមបណ្តោយផ្លូវ បុរីរដ្ឋបាល ខេត្តសៀមរាប នៃបរិវេណអង្គរឃ្យុងយូ ដោយបានឃាត់ខ្លួនក្មេងទំនើងបាន ៣១នាក់ ដកហូតម៉ូតូ២១គ្រឿងជាបណ្តោះអាសន្ន ។
ក្នុងចំណោមក្រុមក្មេងទំនើង ដែលត្រូវបានឃាត់ខ្លួន នគរបាលជំនាញ បានធ្វើតេស្តិ៍ពិនិត្យ ទឹកនោម រកឃើញជនធ្លាប់ប្រើប្រាស់គ្រឿងញៀន៩នាក់ កំពុងកសាងសំណុំរឿង និងសុំគោលការណ៍បញ្ជូនទៅមណ្ឌលអប់រំកែប្រែ ស្តារនីតិសប្បទា អ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប ដោយឡែក២២ នាក់ទៀតកំពុងបន្តការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
សូមបញ្ជាក់ថា ក្នុងការដឹកនាំបង្ក្រាបក្រុមក្មេងទំនើងទាំង នេះបន្ទាប់ពី ទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើង បាននាំគ្នាបង្កើតជាក្រុមដែល ខ្លះមានទាំងដាវសាំមូរ៉ៃ វាយតប់ជនស្លូតត្រង់ តែងតែបង្កអសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងអង្គរឃ្យុងយូ ក្រុងសៀមរាប ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ពលរដ្ឋសាទរទៅនឹងចំណាត់ការរបស់លោកស្នងការនគរបាលខេត្តថ្មី ដែលបានបញ្ចេញនូវកណ្តាប់ដៃដែកក្នុងការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ៕ ប៊ុន រិទ្ធី