ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនបើកបោះពួយបុករថយន្តLexus570ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តម៉ាកហ្វុយហ្សូប្រភេទបែនដឹកដីបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកគូថរថយន្តLexus LX570 SPORTPLUS ពេញមួយទំហឹង បណ្តាលរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តបែនដឹកដីម៉ាកហ្វុយហ្សូ ពណ៌ក្រហមលាយទឹកមាស ពាក់ស្លាកលេខ ព្រៃវែង3A-0376 ជាកម្មសិទ្ធរបស់ឈ្មោះ ទុន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ7Eo ផ្លូវ118 សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អឿន លាប ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឯរថយន្តLexus LX570 SPO​RTPLUS ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខB8 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបែនដឹកដីបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តLexus LX570 SPO​RTPLUS ពេញមួយទំហឹង បណ្តាលរថយន្តLexusរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដី ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីធ្វើការសាកសួរសមត្ថកិច្ចនគរបាលបានឈានដល់ធ្វើតេស្តទឹកនោមអ្នកបើកបររថយន្តបែនដឹកដី រកឃើញសារធាតុញៀននៅក្នុងខ្លួន ។ អ្នកបើកបររថយន្តខាងលើនេះត្រូវបាន​សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖